កំពង់ចាម : គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត កំពង់ចាម បាន ចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ ក្រោមព្រះ វត្តមាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ចិន្ដា អភិបាល រង ខេត្ត លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និង ភាគី ពាក់ព័ន្ធ មួយចំនួន ផងដែរ ។
ក្នុង ឱកាស នោះ លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានឱ្យដឹងថា អំពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានកំណត់ដោយ គ.ជ.ប ។ ដំណើរការរៀបចំការបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាដំណាក់កាលមួយសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំងបួន ដែលបានចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ជាដំណាក់កាលទទួលពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយ ហើយមានគណបក្សនយោបាយចំនួន ៥ បាន ចូលរួមដាក់ពាក្យសុំប្រកួតប្រជែង គឺ ៖
១.គណបក្ស ប្រជាជនកម្ពុជា
២.គណបក្ស ឆន្ទៈខ្មែរ
៣.គណបក្ស កម្លាំងជាតិ
៤.គណបក្ស ខ្មែររួបរួមជាតិ
៥.គណបក្ស ហ្វ៊ុនស៊ិនប៉ិច
លោក ឈឹម ចាន់ធឿន បានបន្ដថា ជាលទ្ធផល គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានសម្រេចប្រកាសទទួលស្គាល់លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៥ តាមមណ្ឌលបោះឆ្នោតដូចខាងក្រោម ៖
១.គណបក្ស ប្រជាជនកម្ពុជា ឈរឈ្មោះ ១១មណ្ឌល លេី ១១មណ្ឌល
២.គណបក្ស ឆន្ទៈខ្មែរ ឈរឈ្មោះ ១១មណ្ឌល លេី ១១មណ្ឌល
៣.គណបក្ស កម្លាំងជាតិ ឈរឈ្មោះ ៣មណ្ឌល លេី ១១មណ្ឌល
៤.គណបក្ស ខ្មែររួបរួមជាតិ ឈរឈ្មោះ ៦មណ្ឌល លេី ១១មណ្ឌល
៥.គណបក្ស ហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះ ១០មណ្ឌល លេី ១១មណ្ឌល
លោកប្រធានគណ:កម្មការ បានបញ្ជាក់ ថា តាមលទ្ធផលនៃការចាប់លេខរៀងសន្លឹកឆ្នោត ដោយព្រះសីលសំវរ ប៊ត តាំងឆេង បានលទ្ធផលដូចជា សម្រាប់មណ្ឌលខេត្តកំពង់ចាម គណបក្សប្រជាជន កម្ពុជា លេខរៀង ទី ៥ គណបក្សឆន្ទៈ ខ្មែរ លេខរៀង ទី ៤ គណបក្ស កម្លាំង ជាតិ លេខរៀង ទី ១ គណបក្ស ខ្មែរ រួបរួម ជាតិ លេខរៀង ទី ៣ និង គណបក្ស ហ៊្វុនស៊ិនប៉ិច លេខរៀង ទី ២ ដែល ការ បោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទីអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាង មុខ នេះ ៕