ខេត្តបាត់ដំបងៈ អង្គសិក្ខាសាលាមួយ ត្រូវបានរៀបចំឡើង ដោយអង្កការអមរា ស្តីពីការផ្សព្វផ្សាយគណនេយ្យភាពសង្គម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅក្នុងឃុំសង្កាត់អូចារ ក្រុងបាត់ដំបង ដែលមានលោកទន់ យូហៀង និងសេង សុខា រួមទាំងថ្នាក់ដឹកនាំអង្គការជាច្រើនរូបផ្សេងទៀត និងអ្នកសារព័ត៌មាន មកពីបណ្តាស្ថាប័ននានា វិទ្យុ ទូរទស្សន៍ និងគេហទំព័រ ជាច្រើនស្ថាប័ន ចូលរួមនៅ ក្នុងភោជនីយ៍ដ្ឋានមួយកន្លែង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ ។
អង្គសិក្ខាសាលានេះ អង្គការអមរា បានការចាប់ដៃគូរ រវាងអង្កការក្រៅរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកសារព័ត៌មាន បានដើរតួនាទីសំខាន់ ផ្សព្វផ្សាយគណនេយ្យភាពសង្គម គឺបញ្ជ្រាបការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ទៅលើការពន្យល់ ណែនាំប្រជាពលរដ្ឋឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងយល់ដឹងសិទ្ធរបស់ខ្លួនក្នុងការចូលរួមបញ្ជេញមតិ ការស្នើរសុំ ការចូលយោបល់ ការចូលរួមប្រជុំ ការធ្វើបច្ចុប្បន្នភាព គម្រោងផែនការអភិវឌ្ឍន៍ និងការទទួលបានព័ត៌មាន ជាមួយឃុំសង្កាត់ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរួមគ្នា ។
គោលបំណងនៃការ ផ្សព្វផ្សាយគណនេយ្យភាពសង្គម ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋត្រូវដឹងពីសកម្មភាព ព័ត៌មានលក្ខណៈសម្បត្តិរបស់មណ្ឌលសុខភាព ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋដែលទទួលបានសិទ្ធ និងការយល់ដឹងអំពីសិទ្ធទទួលព័ត៌មាន របស់មន្រ្តីក្នុងការបំពេញការងារ និងសកម្មភាពរបស់សាលាបឋមសិក្សា និងការយល់ដឹងអំពីសិទ្ធដែលត្រូវដឹងអំពីការចំណាយ និងចំណូលរបស់រដ្ឋបាលឃុំសង្កាត់ រួមទាំងសកម្មភាពការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ ។
សកម្មភាពរបស់អង្គការអមរា ដែលបានរៀបចំសហការជាមួយអាជ្ញាធរ ឃុំ សង្កាត់ បង្កើតជាគណៈកម្មាធិការ ផ.ស.រ.គ ដើម្បីជួយនៅតាមបណ្តាឃុំ សង្កាត់នីមួយៗ ដែលបានបង្កើតដោយក្រុមប្រឹក្សា ឃុំ សង្កាត់ តាមរយះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមសេចក្តីណែនាំលេខ ៨៣០ របស់ គ.ជ.អ.ប ដែលបានរៀបចំឡើងដោយមានសមាសភាពតូចធំ អាស្រ័យទៅលើ ឃុំ សង្កាត់ តូច ឬធំ ជាក់ស្តែង ក្នុងមួយគណៈកម្មាធិការ ផ.ស.រ.គ មាន១ មេឃុំ ឬចៅសង្កាត់ ជាប្រធាន ២ ចៅសង្កាត់ទី២ ជាអនុប្រធាន ៣ អ្នកទទួលបន្ទុកកិច្ចការនារី ជាសមាជិក ៤ សមាជិកក្រុមប្រឹក្សាសង្កាតមួយរូបជាសមាជិក ៥ មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ ជាសមាជិកអចិន្រ្តៃយ៍ ៦ ស្មៀន ឃុំ សង្កាត់ ជាសមាជិក ៧ ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព ជាសមាជិក ៨ នាយក ឬនាយករងសាលាបឋមសិក្សា ជាសមាជិក ៩ តំណាងសហគមន៍ ឬប្រជាពលរដ្ឋ ៣ ទៅ៥ ជាសមាជិក ១០ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ CAFs ជាសមាជិក ។
សម្រាប់លទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់អង្គការអមរា គឺទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ពីសំណាក់អាជ្ញាធរ ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម ទាំងប្រុសទាំងស្រី ក្នុងកិច្ចការផ្សព្វផ្សាយសិទ្ធិដែលទទួលបាន និងបានធ្វើឲ្យប្រជាពលរដ្ឋមានការយលដឹងកាន់តែច្បាស់ ធ្វើឲ្យប្រជាពលរដ្ឋមានការសហការ និងភាពជិតស្និទជាមួយនិងអាជ្ញាធរឃុំ សង្កាត់ ដោយចាត់ទុកអាជ្ញាធរជាម៉ែជាឳ ចំណែកអាជ្ញាធរឃុំ សង្កាត់ក៏ទទួលបានការគាំទ្រ ការអភិវឌ្ឍន៍ ការចែករំលែកយោបល់ ការចូលរួមពីសំណាក់អង្គការដៃគូរក្រៅរដ្ឋាភិបាល និងទទួលបានលទ្ធផលល្អប្រសើរ ។
ដោយ ប៊ុន រដ្ឋា