អភិបាលខេត្តព្រះវិហារ ណែនាំអភិបាលថ្មីស្រុកជាំក្សាន្ត អោយខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រកបដោយភាពជោគជ័យ !

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ណែនាំរបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងនាឱកាសប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្តនោះ ក៏មានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកជាំក្សាន្ត មេឃុំ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត ផងដែរ ។

យោងតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល លោក ចិន ខន្តី អតីតអភិបាលរងស្រុកជាំក្សាន្ត ត្រូវបានតែងតាំង និងប្រកាសឱ្យចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត ជំនួសលោក វុធ តារ៉ា ដែលបានទទួលមរណភាព នាពេលកន្លងទៅ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសម្តែងការអបអរសាទរ ចំពោះ លោក ចិន ខន្តី ដែលត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្ត តែងតាំងជា អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត នាពេលនេះ ។

ស្របពេលជាមួយគ្នានោះ លោក គីម រិទ្ធី បានណែនាំដល់លោក ចិន ខន្តី អភិបាលថ្មីស្រុកជាំក្សាន្ត ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវពង្រឹងរបៀបរបបការងារ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ដើម្បីដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យសម្រេចបានការងារ ប្រកបដោយភាពជោគជ័យ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង សង្កត់ធ្ងន់ថា ក្នុងនាមជាមេដឹកនាំ ត្រូវធ្វើចិត្តឱ្យធ្ងន់ បើកចិត្តឱ្យទូលាយ ទទួលយកទាំងអស់រាល់ការសរសើរ និងពាក្យរិះគន់  ត្រូវពង្រឹងការងារសហប្រតិបត្តិការ ពិសេសបាតុភាពនៅក្នុងមូលដ្ឋានឱ្យតឹងណែនក្នុងដៃ ដូចជាការងារដីធ្លី ការចូលកាន់កាប់ទន្ទ្រានដីរដ្ឋខុសច្បាប់ រួមទាំងទីតាំងដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ជាដើម៕ដោយ៖ឡុង សំបូរ