កំពង់ធំ÷ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី
ដឹកនាំលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី លោកស្រី ស៊ូ ផារិន ប្រធានការិយាល័យអភិវឌ្ឍសេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រី ឡាក់ សៅចាន់អភិបាលរងស្រុកសណ្ដាន់ និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ពេលព្រឹកស្ថិតបរិវេនវត្តងន ឃុំងនមានប្រជាពលរដ្ឋសរុប៨៦នាក់ ស្រី៤៦នាក់ និងរសៀលនៅបរិវេនវត្តទឹកខ្មៅ ឃុំមានជ័យប្រជាពលរដ្ឋសរុប៨៦នាក់ ស្រី៦៥នាក់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្តាន់បានលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោកស្រី ស៊ិន ស៊ីផាន បានលើកឡើងថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចការសិក្សារៀនសូត្រមិនបានវែងឆ្ងាយពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍន៍សង្គម។
លោកស្រីប្រធានមន្ទីរកិច្ចការនារី បានបន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការពង្រឹងចំណេះដឹង ជំនាញបច្ចេកទេសផ្សេងដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោង បានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តី ឱ្យមានភាពប្រសើរឡើង។ សូមចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្ត្រីនិងកុមារ ការប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា វគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅស្រុកសណ្ដាន់ មានការសម្របសម្រួល និងធ្វើបទបង្ហាញពីលោកស្រី ស៊ូ ផារិន ប្រធានការិយាល័យអភិវឌ្ឍសេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី