សាខា និងឣនុសាខា បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសារលោក អូក អៀក អាយុ៦៦ឆ្នាំ  ដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង  មូលហេតុឆ្លងចរន្តអគ្គិសនី នៅស្រុកប្រាសាទបល័ង្ក

0

កំពង់ធំ៖ នៅថ្ងៃទី២២ ខែមីនា  ឆ្នាំ២០២៤
លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមជាមួយលោកស្រីអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់សាខា និងឣនុសាខា ទៅចែកជូនដល់គ្រួសារលោកអ៊ុំ អូក អៀក អាយុ៦៦ឆ្នាំ  ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មូលហេតុឆ្លងចរន្តអគ្គិសនី ដែលមានទីលំនៅក្នុងភូមិគ្រួស ឃុំដូង  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី ឡេង សុឃីម នាយិការង បានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសឯកឧត្តមតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ។

ទន្ទឹមនឹងនោះដែរ លោកស្រីនាយិការង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ គ្រោះធម្មជាតិ ដែលអាចកើតមានឡើងគ្រប់ពេល ត្រូវអប់រំកូនចៅឱ្យចៀសសឆ្ងាយពីគ្រឿងញៀន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើង ។

គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងរួមមាន៖  អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ  ទឹកត្រី១យួរ ទឹកស៊ីអីវ០១យូរ ឃីត០១កញ្ចប់ តង់០១ កន្ទេល០១ ឆ្នាំង០២  និងថវិកាមួយចំនួន៤០ ម៉ឺនរៀល។ ក្នុងនោះសម្ភារអនុសាខារួមមាន៖អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សម្ភារផ្ទះបាយ១ឆុត និងថវិកាមូយចំនួនផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ