ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឯកឧត្តម លោកជំទាវលោក លោកស្រីប្រធាន/អនុប្រធានទីជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការ ប្រមាណជាង២៥០នាក់បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា រដ្ឋបាលក្រុងស្ទឹងសែនមានក្រុមប្រឹក្សាសរុប១៧រូប និងមានគណៈអភិបាល៧រូប អភិបាល០១រូប អភិបាលរងក្រុងចំនួន៦រូប ស្រី០១រូប។ រដ្ឋបាលក្រុងស្ទឹងសែន មានការិយាល័យចំណុះរដ្ឋបាលក្រុង១៣ មានមន្ត្រីរាជការសរុប៨៨នាក់ មានមន្ត្រីកិច្ចសន្យា១២នាក់ និងមានអង្គភាពជុំវិញក្រុង កងកំលាំងទាំងបីគឺ អធិការរដ្ឋាននគរបាលក្រុងកងរាជអាវុធហត្ថក្រុង និងផ្នែកសឹករងក្រុង មានកម្លាំងសរុប១២៨នាក់។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម អេង ទូច បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំក្រុមការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានទុក្ខកង្វល់ និងបញ្ហាប្រឈមមួយចំនួន ក្នុងការជួយដោះស្រាយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន បានបន្ថែមទៀតថា នៅតាមឃុំ-សង្កាត់នីមួយៗត្រូវតែយកចិត្តទុកដាក់ទៅលើមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីឱ្យមានថ្នាំបានគ្រប់គ្រាន់យកមកព្យាបាលដល់បងប្អូនជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រក្សាបានភូមិ/ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយមើលអំពើហិង្សា បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពក្នុងប្រព័ន្ធតុលាការ ត្រូវយកចិត្តទុកដាក់សំខាន់បំផុតគឺ ផ្ដោតទៅលើសេវាសាធារណៈជនប្រជាពលរដ្ឋ ដើម្បីឱ្យមានសេវាតម្រូវការ និងសេវាសំណូមពរ។ សំខាន់បំផុតមួយទៀតគឺ មានប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីឱ្យគាត់បានប្រើប្រាស់ប័ណ្ណសមធម៌នេះបានត្រឹមត្រូវ និងយុត្តិធម៌។

ជាចុងក្រោយឯកឧត្តម ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវតែសហការគ្នាជាកម្លាំងមួយ ក្នុងការកសាងអភិវឌ្ឍក្រុងស្ទឹងសែននេះ ឱ្យមានការរីកចម្រើនចាប់ពីពេលប្រកាសសមាសភាពនេះ ឱ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់។

គួរបញ្ជាក់ផងដែរថា សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន សរុប៣៩៩នាក់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប