ត្បូងឃ្មុំ: ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ប្រកបដោយគុណភាព គឺផ្តល់សារសំខាន់ណាស់ដល់សង្គមជាតិ ជាការជួយស្រោចស្រង់ និងលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងគោលដៅនាពេលអនាគត ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ នាថ្ងៃចុងសប្ដាហ៍នេះ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើការកៀរគរយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ឲ្យបានចូលសិក្សានៅមជ្ឈមណ្ឌល តាមបណ្តា រាជធានី/ខេត្ត ក្នុងគោលបំណង ដើម្បីផ្តល់នូវឱកាសស្មើគ្នាជូនដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌/បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ឲ្យទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំដល់ប្អូនៗជាសិក្ខាកាមទាំងអស់ ត្រូវចៀសឲ្យឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀន នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមាន អសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំង បណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាគ្រឿងញៀននេះ ជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវខិតខំនាំគ្នាលប់បំបាត់ ឱ្យអស់ពីសង្គមជាតិរបស់យើង។ ទន្ទឹមគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ពន្ធ័ទាំងអស់ ត្រូវយកចិត្តទុកដាក់នៅក្នុងការបង្រ្កាប និងលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ លើបញ្ហាសុខសុវត្តិភាព សន្តិសុខសង្គម បញ្ហាក្មេងទំនើង និងបញ្ហាល្បែងស៊ីសង ប្រែក្លាយភូមិស្ថានជាភូមិគំរូគ្មានគ្រឿងញៀន សម្រាប់ពង្រីកបន្តទៅបង្កើតភូមិស នៅទូទាំងខេត្តត្បូងឃ្មុំ និងនៅទូទាំងប្រទេសផងដែរ ៕