មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ប្រកាសដកហូតដីជាច្រើនហិចតា នៅក្នុងតំបន់ការពារធម្មជាតិ ដែលរងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីជនខិលខូច យកមកទុកជាសម្បត្តិរដ្ឋវិញ !

0

ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង នៅថ្ងៃទី២២មីនា២០២៤ បានចេញសេចក្តីជូនដំណឹង ពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានអនាធិបតេយ្យ យកមកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ។

ក្នុងវិធានការខាងលើនោះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានកំណត់យកពីរទីតាំង គឺ នៅចំណុចអូរវល្លិ៍ប្រាំដំឡឹង នៃភូមិសាស្ត្រ​ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង «អតីតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ» ដែលផ្ទៃដីព្រៃឈើទាំងនោះ បានរងការកាប់ទន្ទ្រានឈូសឆាយកាន់កាប់ដោយខុសច្បាប់ ពីជនខិលខូចមួយក្តាប់តូច (ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ) នាពេលកន្លងទៅ។

ជុំវិញសេចក្តីជូនដំណឹងនេះផងដែរ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំក្រោមការដឹកនាំពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២០មីនា២០២៤ កន្លងទៅនេះ បានសម្រេចដកហូតដីចំនួន ២ ទីតាំងខាងលើ យកមកទុកជាតំបន់ការពារធនធានធម្មជាតិវិញ ។

លោក ស្រេង ជាហេង បានបញ្ជាក់ទៀតថា ដីព្រៃនៅទីតាំងខាងលើ ក្រុមមន្ត្រីបរិស្ថានខេត្ត បានចុះធ្វើការទប់ស្កាត់ជាហូរហែរ តាំងពីឆ្នាំ២០១៨ នោះមក តែក្រុមជនខិលខូចខួច នៅតែឆ្មក់លួចឱកាសចូលកាប់ទន្ទ្រាន ដោយធ្វើសកម្មភាពនៅពេលយប់ ស្របពេលដែលកម្លាំងបរិស្ថាន បានវិលត្រឡប់មកលំនៅដ្ឋានវិញ។

លោក ស្រេង ជាហេង បានបញ្ជាក់បន្ថែមថា យោងតាមស្មារតីនៃកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២០មីនា២០២៤ ស្តីពីការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ យកជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងអនុវត្តតាមស្មារតីលិខិតលេខ ១១២៧/០៣២៤ សជណ.បស្ថ ចុះថ្ងៃទី១៤មីនា២០២៤ របស់ក្រសួងបរិស្ថាន ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬ ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។

យោងស្មារតីនៃកិច្ចប្រជុំខាងលើ មន្ទីរបរិស្ថានខេត្ត នឹងត្រូវចាត់វិធានការតាមច្បាប់ ដោយមោឃៈភាពចោល នូវរាល់លិខិតសម្គាល់ទិញ-លក់ ឬ លិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែលបានហាមឃាត់ ,ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធម្មជាតិ ,ការកាប់គាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង និងដាំដំណាំ ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ ដែលបានហាមឃាត់ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែងក្នុងមាត្រា៦២-៦៣ នៃច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ,អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវចូលរួមបញ្ឈប់ និងចូលរួមផ្សព្វផ្សាយជាបន្ទាន់ នូវការចូលកាប់ទន្ទ្រានដីព្រៃដាំដំណាំ និងសាងសង់ផ្ទះ ខ្ទម រោង នៅចំណុចអូរវល្លិ៍ប្រាំដំឡឹង នៃភូមិសាស្ត្រ​ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបញ្ឈប់ជាបន្ទាន់ នូវការចូលរស់នៅ កាន់កាប់ ព្រមទាំងត្រូវរុះរើ និងចាកចេញ ចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យបានមុនថ្ងៃទី៥មេសា២០២៤ ជាកំហិត៕ដោយ៖ឡុង សំបូរ