ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនមេបញ្ជាការរងកងវរសេនាតូចអាបី នគរបាលប្រយុទ្ធ

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោ សៀង ហុកឃាន់ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ា គឹមយុង អាយុ៧៣ឆ្នាំ អតីតមេបញ្ជាការរងកងវរសេនាតូច ជាប្រធានកងអនុសេនាធំទី១ អាបី នគរបាលប្រយុទ្ធប្រចាំខេត្តកំពង់ធំ ដែលកំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅគេហដ្ឋាន និងមានជីវភាពលំបាកខ្វះខាត នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤

មលោក ម៉ា គឹមយ៉ុង បានមានប្រសាសន៍ថា ក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ធំ មានអង្គភាពនគរបាលអាបី ឬហៅថានគរបាលប្រយុទ្ធ មានមួយកងវរសេនាតូច ដែលមាន៣កងអនុសេនាធំចំណុះ សម្រាប់ធ្វើសកម្មភាពសហការប្រយុទ្ធជាមួយនឹងកងទ័ព ក្នុងការការពារទីតាំងភូមិសាស្ត្រនានានៅក្នុងខេត្តកំពង់ធំ។ បច្ចុប្បន្នលោក ម៉ា គឹមយ៉ុង បានក្លាយទៅជាអតីតយុទ្ធជនហើយបានធ្លាក់ខ្លួនមានជំងឺប្រចាំកាយត្រចៀកក៏ថ្លង់ ភ្នែកក៏មើលមិនច្បាស់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេ រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត  ពេជ ចន្ទមុន្នី សម្ដេចតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ សម្ដេចទាំងទ្វេលោកបានសូមជូនពរឱ្យបងប្អូនអតីតយុទ្ធជនរបស់យើង  ដែលកំពុងមានជំងឺឆាប់បានជាសះស្បើយ និងមានសុខភាពល្អ។

ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជនជានគរបាលប្រយុទ្ធ ដែលបានសហការល្អជាមួយនឹងកងទ័ពក្នុងសម័យសង្គ្រាម ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត  អៀងសារី ខៀវសំផន  និងបានរួមចំណែកជាមួយសម្តេចតេជោមហ៊ុន សែន អនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន   បាននាំយកនូវអង្ករ÷ចំនួន៥០គីឡូក្រាម មីជាតិចំនួន០២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យូរ ត្រីខកំប៉ុងចំនួន០២យួរ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី ប្រគល់ជូនគាត់នៅពេលនេះផងដែរ៕