កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចផ្ដល់ដីមួយកន្លែង គ្រោងរៀបចំការសាងសងអាគារស្នាក់ការរបស់សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ការអះអាងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃចុងសប្ដាហ៍នេះ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នុងនាមជាប្រធានកិត្តិយសគណ:កម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា អាគារដែលគ្រោងសាងសង់នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការបម្រើសេវាសំណូមពរពីបងប្អូនអតីតយុទ្ធជនខេត្តកំពង់ចាម ដោយអាគារនេះមានទំហំ ២៨ម៉ែត្រ x២៣,៥០ម៉ែត្រ មានកម្ពស់១ជាន់ គ្រោងចំណាយអស់ថវិកាជាង១០មុឺនដុល្លារអាមេរិក ។
ជាមួយគ្នានោះ លោក ប្រធានគណៈអធិបតី ក៏បានចង្អុលណែនាំឲ្យក្រុមការងារថ្នាក់ខេត្ត ពិសេសថ្នាក់មូលដ្ឋាន បន្ដខិតខំចុះធ្វើបច្ចុប្បន្នភាពដល់ខ្នងផ្ទះបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពក្រលំបាក ដើម្បីពិនិត្យមើលលទ្ធភាព ពោលគឺត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ជាបន្តបន្ទាប់ ក្រៅពីនោះត្រូវបន្តពង្រឹង ពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជន ទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងថែមទៀត ។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ លោក អភិបាលរងខេត្ត លោកប្រធាន/អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម លោកនាយរងរដ្ឋបាលខេត្ត លោក-លោកស្រី ប្រធាន/អនុប្រធាន ក្រុមការងារលេខាធិការដ្ឋាន និងលោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ក្រុង/ស្រុក ទាំង១០ ផងដែរ ៕