មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការទូទៅ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅពេលខាងមុខ

0

កំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ដែលនឹងឈានមកដល់នៅពេលខាងមុខដ៏ខ្លីនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងអំពីសភាពការណ៍ទូទៅមួយចំនួន ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត និងផែនការសេចក្តីណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាល បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្ដីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឱ្យមានភាពអធិកអធមនៅគ្រប់ទីកន្លែង ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋសប្បាយរីករាយអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវមានផែនការច្បាស់លាស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំង៣ ចូលរួមក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានសប្បា យរីករាយនៅគ្រប់ទីកន្លែង ពិសេសទីវត្តអារាម រមណីយដ្ឋាននានា និងទីកន្លែង ដែលត្រូវប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីរបស់អាជ្ញាធរខេត្ត ស្រុក ឃុំសង្កាត់ ឲ្យទទួលបានសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់បានល្អ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវរៀបចំកម្លាំងប្រចាំការ ប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ នៅតាមអង្គភាពនីមួយៗ ដើម្បីត្រៀមអន្តរាគមន៍ជួយដោះស្រាយយថាហេតុផ្សេងៗ ដែលកើតមាន ឡើងនៅក្នុងខេត្ត ឲ្យទាន់ពេលវេលា និងមានសុវត្ថិភាព ។ នៅក្នុងឱកាសនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ផែនការមួយចំនួនក្នុងការរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតនៅសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា និងបានបែងចែកភារកិច្ចក្នុងការការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនបងប្អូនសប្បាយរីករាយមុនពេលពិធីចូលឆ្នាំថ្មីមកដល់  ហើយក្នុងពេលចូលឆ្នាំថ្មីត្រូវត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចតាមផែនការដែលបានប្រគល់ជូន ក្នុងការសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋសប្បាយរីករាយអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឲ្យទទួលបានជោគជ័យ និងសុវត្ថិភាពផងដែរ៕