គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤

0

កំពង់ធំ: នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ ដែលមានលោកជំទាវ លំ គន្ធារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤។

លោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា ការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាផ្នែកមួយដែលបានបញ្ជ្របចូលក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ រូបភាពជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពីការជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា អំពើជួលពពោះជំនួស ។ ថ្មីៗនេះ អំពើជួញដូរមនុស្សអាចកើតមានឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលភាគច្រើនកើតទៅលើយុវជន និងកុមារ រហូតក្លាយជាការចាប់ជំវិតទារប្រាក់ទៀតផង ។

លោកជំទាវបន្តថា លើកឡើងពីការធ្វើទេសន្តរប្រវេសន៍ របស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បាន ខណៈដែលគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាស ជូនពលរដ្ឋក្នុងការងារ ទាំងក្នុងនិងក្រៅស្រុក ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពបានយ៉ាងល្អ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ នោះគឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ មិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។

លោកជំទាវ ណែនាំដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចត្រូវ គ្រប់គ្រងអោយបាននូវជនខិលខូចទាំងឡាយដែលធ្វើសកម្មភាព ឃោសនាអូសទាញប្រជាពលរដ្ឋ អោយទៅធ្វើការចំណាកស្រុកនៅក្រៅប្រទេសដោយខុសច្បាប់ និងសកម្មភាពជួញដូរមនុស្ស អំពើរហិង្សាផ្សេងៗ ទៅលើជនងាយរងគ្រោះ ជាពិសេសគឺកុមារតូចៗ។

លោកជំទាវ ជំរុញដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារប្រកបដោយស្មារតីសាមគ្គីខ្ពស់ និងរួមគ្នាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិក្សានុសិស្សអោយទទួលបាននូវចំណេះដឹងពាក់ព័ន្ធ ទៅនឹងការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទ និងតាមប្រព័ន្ធអនឡាញ កាន់តែយល់ច្បាស់អំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនារបស់មេខ្យល់អូសទាញនិងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យទាំងកែសម្រួលដោយអ៊ុមញឹប