អភិបាលខេត្តកំពង់ចាម ស្នេីដល់ក្រុមហ៊ុនសាងសង់គម្រោងពង្រីកផ្លូវជាតិលេខ៧ ធ្វេីយ៉ាងណាកុំឱ្យមានការកកស្ទះចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នេីដល់ក្រុមហ៊ុនទទួលការសាងសង់គម្រោងពង្រីកលើកកម្រិតផ្លូវជាតិលេខ៧ ឱ្យជួយសម្រួលធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆាប់ៗខាងមុខនេះ ថ្លែងបែបនេះក្នុងកិច្ចប្រជុំវឌ្ឍនភាពនៃគម្រោងពង្រីកលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជេីងព្រៃ ដល់ រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម នារសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្នក្រុមការងារដោះស្រាយផលប៉ះពាល់ បានធ្វើការដោះស្រាយសំណងជូនប្រជាពលរដ្ឋ បានចំនួន ៣៦២គ្រួសារ ក្នុងឃុំចំនួន ៣ នៃស្រុកជេីងព្រៃ ពីរង្វង់មូលស្គន់ រហូតដល់ព្រំប្រទល់ស្រុកព្រៃឈរ បានគ្រប់ចំនួនតាមការកំណត់របស់ក្រសួងហិរញ្ញវត្ថុ ដែលមិនមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ ដោយប្រជាពលរដ្ឋបានស្ម័គ្រចិត្ត ពេញចិត្តនឹងទទួលយកសំណងតាមការកំណត់របស់គណៈកម្មការ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះស្រុកព្រៃឈរ យេីងក៏បានដោះស្រាយសំណងបានចំនួន ២ឃុំរួចហើយ ដែលមានពលរដ្ឋចំនួន ៥៧២គ្រួសារ ព្រមទាំងបាននិងកំពុងបូកសរុបធ្វើកិច្ចសន្យាបន្តទៀត ព្រោះស្រុកព្រៃឈរ មានប្រជាពលរដ្ឋច្រើន ដូច្នេះយេីងត្រូវបែងចែកជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ យើងបានអនុវត្តរួចហើយ នៅសល់ ២ដំណាក់កាលទៀត ដែលត្រូវបន្តធ្វើមិនឱ្យស្ទះការងារទេ ហើយឆាប់ៗនេះនឹងចូលដល់ស្រុកកំពង់សៀមថែមទៀត ដែលគ្រឿងចក្រកំពុងតែអនុវត្តជាបណ្តើរៗហើយនោះ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម មានប្រវែងសរុប៤៥,៥០០គ.ម ចំពោះទទឹងផ្លូវវិញនៅតំបន់ក្រៅទីប្រជុំ មានទទឹង២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជនមានទទឹង២០ម៉ែត្រកន្លះ និង២០ម៉ែត្រ ដោយមានស្ពានចំនួន៨កន្លែង និងមានសួនច្បារនៅចំណុចកណ្តាលផ្លូវ ដែលត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេស។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើដល់ក្រុមហ៊ុនទទួលការ ត្រូវជីកកកាយយកអាចដី ម្តងមួយចំហៀងថ្នល់ ធ្វើយ៉ាងណាកុំឱ្យកកស្ទះចរាចរណ៍ ពោលគឺត្រូវធ្វើឱ្យរួចម្ខាង ហើយចាំធ្វើម្ខាងទៀត ចំពោះផ្លូវដែលចង្អៀត គឺត្រូវមានចងខ្សែជាសញ្ញា និងអ្នកយាមកាម ដេីម្បីសម្រួលចរាចរណ៍ ចំណែកផ្លូវដែលធំទូលាយក៏ត្រូវចងខ្សែជាសញ្ញាឱ្យបានត្រឹមត្រូវផងដែរ ទន្ទឹមនោះត្រូវផ្អាកការជីកកកាយយកកៅស៊ូចេញពីថ្នល់សិន ព្រោះជិតចូលឆ្នាំខ្មែរហើយ ដូច្នេះត្រូវចាក់ដីបំពេញបន្ថែមឱ្យរាបស្មើផង ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕