ក្រសួងទេសចរណ៍ ជំរុញរកការពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងគាំទ្រចលនាទីក្រុងស្អាត នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ការជំរុញរបស់ លោក មែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានធ្វើឡើងនៅថ្ងៃទី២៦មីនា២០២៤នេះ នៅសាលាខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ដើម្បីត្រួតពិនិត្យវាយតម្លៃលើសមិទ្ធកម្ម នៃការអនុត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ដែលមានការចូលរួមពី លោក ញ៉ែម សារី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុង-ស្រុក នៃខេត្តស្ទឹងត្រែង។

អភិបាលរងរខេត្តស្ទឹងត្រែង លោក ញ៉ែម សារី បានវាយតម្លៃទៅលើកិច្ចប្រជុំនេះថា សកម្មភាពសរុប ១៣៩ នៃផែនការរដ្ឋបាលខេត្ត អនុវត្តសម្រេចបានបាន ៥៣គម្រោង ស្មើនឹង៣៨.១៣ភាគរយ  ក្នុងការអនុវត្តផែនការ សកម្មភាព នៃផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន២០២១-២០២៥ ខេត្តស្ទឹងត្រែង ដែលជាការស្វែងយល់ពីសមត្ថភាពពិត និងតម្រូវការធនធានជាក់ស្តែង ជំនាញពាក់ព័ន្ធនឹងការរៀបចំផែនការ ការអនុវត្តផែនការសកម្មភាព ការតាមដាន ត្រួតពិនិត្យ ឆ្លើយតបទៅនឹងគោលបំណង និងគោលដៅ ជាពិសេសគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍។

លោក ញ៉ែម សារី បានបន្តថា សកម្មភាពនេះបានបង្ហាញពីយន្តការរួមគ្នា នៃកិច្ចសហការស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសយន្តការគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តស្ទឹងត្រែង ក្នុងការបន្តស្វែងរកការគាំទ្រផ្នែកបច្ចេកទេសពីប្រភពនានា ជាពិសេសដៃគូអភិវឌ្ឍន៍ ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។

លោក ញ៉ែម សារី បានស្នើដល់ក្រសួងទេសចរណ៍ ឱ្យជួយបណ្តុះបណ្តាលជំនាញកសាងផែនការដល់សមាជិក សមាជិការ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងភាគីពាក់ព័ន្ធ ,បន្តគៀងគរដៃគូវិនិយោគជួយអភិវឌ្ឍរមណីយដ្ឋានព្រះរំកិល និងសេវាកម្មផ្សេងទៀត និងការជំរុញបន្តការអនុវត្តផែនការសកម្មភាពសម្រាប់អាណត្តិបន្តបន្ទាប់ទៀត។

អគ្គនាយករងអភិវឌ្ឍទេសចរណ៍ លោក មែន ភារម្យ បានថ្លែងថា ក្រុមការងារដែលចូលរួមពីមន្ទីរ និងស្ថាប័នពាក់ព័ន្ធ ១៦អង្គភាព បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង គឺ ទីតាំងប្រាសាទបុរាណព្រះធាតុ និងបរិវេណជុំវិញ ,ប្រាសាទព្រះគោ ,សហគមទេសចរណ៍ព្រះរំកិល ,ជួបអាជីវករនៅទីតាំងជាក់ស្តែង ,រមណីយដ្ឋានមរកត ,រមណីយដ្ឋាននិស្ស័យស្នេហ៍សេសាន ,មណ្ឌលព័ត៌មានទេសចរណ៍ ,ក្រុងស្ទឹងត្រែងដែលមានបំពាក់ធុងសម្រាមគ្រប់ទីតាំងទាំងអស់ (សណ្ឋាគារ ,ភោជនីយដ្ឋាន និងសេវាកម្សាន្ត) និង ពិនិត្យមន្ទីរទេសចរណ៍ខេត្ត ផងដែរ ។

លោក មែន ភារម្យ បានបន្តថា ក្រុមការងារបានឆ្លុះបញ្ជាំងលទ្ធផលរួម នៃការវាយតម្លៃ តាមរយៈកិច្ចប្រជុំ គណ:កម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្តក្រចេះ ដោយបានវាយតម្លៃពិនិត្យលើលទ្ធផល ដែលបានចូលរួមសម្រេចគោលនយោបាយ និងការវាយតម្លៃធាតុចេញតាមគម្រោង ដែលបានលើកឡើងដោយរដ្ឋបាលខេត្ត។

លោក មែន ភារម្យ បានជំរុញឱ្យពង្រឹងយន្តការ គណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្ត ,បន្តសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិការ គណ:កម្មាធិការអភិវឌ្ឍទេសចរណ៍​ខេត្ត ,ពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីជំនាញពាក់ព័ន្ធ ,ផ្សព្វផ្សាយ(ទេសចរណ៍ក្នុងស្រុក ទេសចរណ៍សហគមន៍ និងទេសចរណ៍សាសនា) ,គាំទ្រចលនាទីក្រុងស្អាត ,រៀបចំទេសចរណ៍ឆ្លាតវៃ ។ល។ ,កិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តស្ទឹងត្រែង និងសកម្មភាពចុះត្រួតពិនិត្យតាមទីតាំង ដែលបានអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ផងដែរ៕ដោយ៖ឡុង សំបូរ