បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការបែងចែកកងកម្លាំងប្រចាំការ ប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រកាសបែងចែកកងកម្លាំងប្រចាំការ ប្រចាំបញ្ជា  និងកងកម្លាំងអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម នៅពេលដែលប្រជាជនសប្បាយរីករាយ កងទ័ពរួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានភារកិច្ចការពារសន្តិសុខសុវត្ថិភាព ដើម្បីជូនប្រជាពលរដ្ឋយើងសប្បាយរីករាយអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យផ្សេងៗប្រកបដោយសុខសុវត្ថិភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព ត្រូវបែងចែកកងកម្លាំងប្រចាំការ ប្រចាំបញ្ជា២៤ ម៉ោងលើ២៤ម៉ោង  នៅនឹងកន្លែង និងត្រៀមបម្រុងកម្លាំងអន្តរាគមន៍ ព្រមទាំងមធ្យោបាយ គ្រឿងបំពាក់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យបានគ្រប់គ្រាន់ ដើម្បីអន្តរាគមន៍ដោះស្រាយយហេតុផ្សេងៗ ដែលកើតមានឡើងនៅក្នុងខេត្តកំពង់ធំ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ជាមួយនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ក៏បានប្រគល់ភាគកិច្ចជូនថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបែងចែកកងកម្លាំងប្ដូរវេន ដើម្បីចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ និងប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ដែលនឹងឈានចូលមកដល់ នៅពេលខាងមុខនេះផងដែរ៕ដោយនិរន្តរ៌