អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់ផ្លូវជាង ២៧គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកងមាស ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ២៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំសូរគង ឃុំរាយប៉ាយ និងឃុំព្រែកកុយ ស្រុកកងមាស និងការដ្ឋានសាងសង់ស្ពានព្រែកជីក ជាកន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង ព្រមទាំងពិនិត្យស្ថានភាពបាក់ច្រាំង ស្ថិតនៅក្នុងឃុំព្រែកកុយ និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា ការស្ថាបនាផ្លូវបរតុង និងផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ និងការសាងសង់ស្ពានព្រែកជីក កន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង នៃស្រុកកងមាស បច្ចុប្បន្នសាងសង់សម្រេចបាន ៩០ ភាគរយ ហើយ ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ទីកន្លែងច្រាំងបាក់ក្នុងឃុំព្រែកកុយ មានប្រវែងប្រមាណជា ១៧០ម៉ែត្រ ដែលរងការខូចខាតដល់ផ្លូវទាំងស្រុងតែម្ដង។ ហើយច្រាំងបាក់នោះ ក្រុមការងារខេត្ត នឹងធ្វើសំណើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចាត់អ្នកជំនាញបច្ចេកទេស មកសិក្សា និងពិនិត្យលទ្ធភាព ដើម្បីជួសជុលឡើងវិញ ជូនដល់ប្រជាពលរដ្ឋ ។

ចំពោះ ផ្លូវនៅកន្លែងបាក់ច្រាំងដែលខូច ជាដំណោះស្រាយ ក្រុមការងារខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចឯកភាពធ្វើផ្លូវវាងប្រវែង ២,៣០០ម៉ែត្រ ជាប្រភេទផ្លូវបេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បញ្ជៀសពីកន្លែងបាក់ស្រុតច្រាំងនោះ ។

ជាមួយនឹងការចុះបំពេញការងារនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឱ្យដឹងទៀតថា ក្រុមការងារបានចុះពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅចំណុចស្ទឹងឆ្វេង ក្នុងឃុំច្បារអំពៅ ស្រុកបាធាយ និងបានសម្រេចបើកទ្វារទឹក ទម្លាក់ទឹកឱ្យប្រជាកសិករនៅខាងស្រុកកងមាស បានទឹកប្រើប្រាស់ ក្នុងការងារបង្ករបង្កើនផលស្រូវ ក្នុងការដាំដុះលើកទី៣ សម្រាប់រដូវប្រាំងនេះផងដែរ ៕