កិច្ចប្រជុំការងារស្រុកមង្គលបូរី នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការងារស្រុកមង្គលបូរី នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ លោក រ័ត្ន ដាស៊ីណង់ អភិបាល ស្រុកមង្គលបូរី បានមានប្រសាសន៍ថា ស្រុកមង្គលបូរីគឺជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងក្រុងសិរីសោភ័ណ ខាងត្បូងជាប់ហ្នឹងស្រុកថ្មគោល និងស្រុកបវេល នៃខេត្តបាត់ដំបង ខាងកើតជាប់និងស្រុកព្រះនេតព្រះ ខាងលិចជាប់និងស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ។ ស្រុកមានផ្ទៃដីសរុប ៨០,៧៣០ហិកតា ឃុំចំនួន ១៣ឃុំ ភូមិមានចំនួន ១៥៩ភូមិ។ មានគ្រួសារសរុប ៤២.៨៥៥គ្រួសារ មនុស្សរាយសរុប ១៧៤.២៥៦នាក់ ស្រីចំនួន ៨៧.៧៣៤នាក់ អាយុ ១៨ឆ្នាំឡើងសរុបចំនួន ១១៤.០១១នាក់ ស្រីចំនួន ៥៧.៨៩៦នាក់។ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង ៦១%ជាអ្នកប្រកបរបរធ្វើស្រែចម្ការ។
លោក រ័ត្ន ដាស៊ីណង់ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឲ្យប្រទេសកម្ពុជាបន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះផងដែរសម្រាប់ស្រុកមង្គលបូរី ការងារសន្តិសុខសណ្ដាប់ធ្នាប់គឺមានលក្ខណៈល្អបង្គួរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ក្នុងការជំរុញនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើឲ្យគ្រប់បទល្មើសមានការថយចុះនិងបង្ក្រាបបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្ដោតសំខាន់លើបញ្ហាសេវាសាធារណៈក្នុងនោះ លោកមេឃុំ លោកមេប៉ុស្តិ៍ គ្រប់ឃុំបានឡើងធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ ពិសេសការងារសេវាសាធារណៈផ្ដល់ជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋឆ្នាំនេះសប្បាយចិត្ត ក្នុងការបង្កបង្កើនផលកសិកម្ម ទទួលបានផលល្អនិងមានតម្លៃសមរម្យ រីឯបញ្ហាគ្រឿងញៀន ក្មេងទំនើងគឺមានការថយចុះ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមនៅឡើយ មូលហេតុមកពីកត្តាមនុស្ស។
ជាការឆ្លើយតបចំពោះបងប្អូនជាមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ ភូមិ បានចូលរួមនាថ្ងៃនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏សូមធ្វើការកោតសរសើរដោយស្មោះចំពោះ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋានបានបំពេញភារកិច្ចស្នូលបានល្អ ហើយសង្ឃឹមថា អស់លោក លោកស្រី និងបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀត។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍បន្តថា យើងត្រូវពិនិត្យពីការងារស្ថានភាពជាក់ស្ដែងទើបល្អប្រសើរចំពោះបញ្ហាប្រឈមផ្សេងៗ ត្រូវធ្វើផែនការឲ្យបានជាក់លាក់ ត្រូវយល់ដឹងថា ពាក្យថាកង្វះខាតមិនចេះចប់នោះទេ ដូចនេះយើងជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់លើសេវាសាធារណៈ សន្តិសុខ ភូមិឃុំមានសុវត្ថិភាព រួមនិងសេវាអប់រំ សេវាសុខាភិបាលផងដែរ៕ដោយ៖ឃិន គន្ធា