កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ចំនួន១៣ចំណុច ក្នុងឱកាសបិទសន្និបាទកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្ត សរុបចំនួន ៦០នាក់។
លោក តាន់ វាសនា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំស្តីទី បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្នុងការឆ្លើយតបទៅនឹងសំណូមពរប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានលើកឡើងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារ១៣ចំណុចគឺ÷ ១.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទឱ្យបានឆាប់បំផុត។ ២.បន្ថយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទតាមរយៈការខិតខំ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការងារស្ថាបនា ជួសជុល លើកកម្រិត និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេកវិទ្យាថ្មីៗ។ ៣.ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និងជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រើប្រាស់គ្រប់រដូវ។ ៤.ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានីខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធលើការងារអភិវឌ្ឍន៍ផ្លូវជនបទ។ ៥.ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ។ ៦.សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ៧.ត្រូវបន្តលើកកម្ពស់ និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជននៅ តាមជនបទ តាមរយៈការពង្រឹងការអនុវត្តយន្តការដែលមានស្រាប់។ ៨. ត្រូវបន្តជំរុញ និងពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បី លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។ ៩.ត្រូវរៀបចំធ្វើវិសោធនកម្មដើម្បីធ្វើបច្ចុប្បន្នភាព មុខងារ និងភារកិច្ចរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃ
១០- ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាភាគី ពាក់ព័ន្ធ ដូចជាដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធាន ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើន។ ១១-ត្រូវសិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យព័ត៌មានស្ថិតិអំពី ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅតាមជនបទ។ ១២- លើកទិសដៅផែនការរយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ១៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ គឺធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ នៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃការរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែប្រសើរឡើងសំដៅរួមចំណែកដល់ការសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ជាចុងក្រោយឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់គឺ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង៕ អត្ថបទលោក ធូ កែវមុន្នី