ពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច(កួយ) ភូមិអណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

0

កំពង់ធំ÷ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ ភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ មានប្រសាសន៍ថា ជនជាតិកួយគឺជាជនជាតិភាគតិចខ្មែរមួយប្រភេទ ដែលចូលចិត្តរស់នៅតំបន់ ដែលដាច់ឆ្ងាយពីជនជាតិខ្មែរ ប៉ន្តែវប្បធម៌ និងប្រពៃណី ការរស់នៅគឺមានលក្ខណៈស្រដៀងនឹងជនជាតិខ្មែរច្រើន។ កាលពីសម័យបុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបបធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ជ័រ និងចិញ្ចឹមសត្វ។ ជនជាតិនេះមានភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។ ជាក់ស្ដែងក្នុងឃុំស្រលាវិស័យចំនួនជនជាតិដើមភាគតិចគួយមាន៨ភូមិក្នុងចំណោម១៩ភូមិ និងមានចំនួនគ្រួសារជនជាតិដើមភាគតិចគួយសរុប១.៤៣៩គ្រួសារ ជនជាតិដើមភាគតិចគួយសរុប៦៤០០នាក់ ស្រីមានចំនួន២.៩៧៩នាក់ ភូមិជនជាតិដើមភាគតិចកួយបានទទួលស្គាល់អត្តសញ្ញាណ៤ភូមិរហូតមកដល់សព្វថ្ងៃនេះ។

ុំលោកប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ ក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមមូលដ្ឋាន ដែលសង្កេតឃើញថាមានការអភិវឌ្ឍលើវិស័យផ្សេងៗ ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ប្រព័ន្ធធារសាស្ត្រ តបណ្ដាញអគ្គិសនីជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងតាមតំបន់ដាច់ស្រយ៉ាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបរបរផ្សេងៗ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម អ៊ុន ចន្ថា  មានប្រសាសន៍លើកឡើងថា ជនជាតិដើមភាគតិចកួយ គឺជាជនជាតិមួយដែលចេះសាមគ្គីភាព និងរក្សាទំនៀមទំលាប់ប្រពៃណីក្នុងការរស់នៅបានល្អប្រសើរ  ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសៗក្រៃលែង ដែលបងប្អូនជនជាតិដើមភាគតិចគួយរបស់យើងបានប្រកាសទទួលស្គាល់ជាអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចគួយនៅ ភូមិអណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជាចុងក្រោយឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនជនជាតិដើមភាគតិចកួយទាំងអស់ រួមទាំងប្រជាពលរដ្ឋទាំងមូល ឲ្យចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដ៏ល្អរបស់យើងឲ្យបានគង់វង្សនិងស្ថិតស្ថេរយូរអង្វែង ដើម្បីបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់នៅវប្បធម៌គេមរតកដូនតារបស់យើង។ ម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយក្នុងប្រទេសឲ្យបានល្អ ដើម្បីឲ្យស្របទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដើម្បីឲ្យមានការអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យ៕ អត្ថបទលោក ឆាត វ៉ិត​