ឧបនាយករដ្ឋមន្ត្រី នេត សាវឿន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធផលនានា តម្លៃ ជាង ១លាន ដុល្លារ នៅ វត្តខេមវ័ន បឹងស្នាយ ក្នុង ក្រុងកំពង់ចាម

0

កំពង់ចាម : ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២៤ នេះ បាន អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅ វត្តខេមវ័ន បឹងស្នាយ ស្ថិត ក្នុង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែល មាន តម្លៃ ជាង ១លាន ១៦ម៉ឺន ដុល្លារ ។

មានប្រសាសន៍ ក្នុង ពិធី នោះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បាន សំដែងនូវការកោតសរសើរចំពោះសទ្ធាជ្រះថ្លា ប្រកបដោយ បុណ្យកុសល បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានា ដែលបានលេចចេញជារូបរាង ហើយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាថ្ងៃនេះ ពិសេស ព្រះធម្មសាលវង្ស សា វីរៈ សច្ចប្បិយោ ព្រះវិន័យធរគណខេត្ត និង ជាព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានដឹកនាំគៀងគរពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដោយ មានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ដើម្បីការកសាងសមិទ្ធផលទាំងនេះឱ្យកើតជា រូបរាងឡើង។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនា បានជួយបណ្តុះបណ្តាលធនធានមនុស្ស និងអប់រំសីលធម៌ ចរិយាធម៌ ទៅដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ មានន័យថា បានជួយផលិតពលរដ្ឋល្អជូនសង្គមជាតិ ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដូច្នេះ សូម ព្រះតេជគុណ គ្រប់ព្រះអង្គ ជួយផ្ដល់ឱវាទ ដល់ សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពសិក្សារ ឱ្យ ក្លាយ ទៅ ជាមូលដ្ឋានគ្រឹះ ក្នុង ការ អភិវឌ្ឍ មូលធន មនុស្ស ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក៏បាន ស្នេី ដល់ អាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់ ត្រូវយកចិត្តទុកដាក់ និងខិតខំការពាររក្សា សន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាមួយគ្នានេះក៏សូមឱ្យបងប្អូនយើង ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច និងសូមឱ្យរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរផងដែរ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារបច្ច័យសាងសង់ ឧបដ្ឋានសាលានេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ថ្នាក់ដឹកនាំពុទ្ធបរិស័ទ និងសប្បុរសជនានា ពិសេសក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទទួលបានបច្ច័យបាន ចំនួន ៧៩.៨០០ដុល្លារ សម្រាប់ជួយបញ្ចប់ការសាងសង់ឧបដ្ឋានសាលានេះ។ ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ដោយចំណាយថវិកាសរុប ចំនួន១.១៦៩.៥០១ ដុល្លារអាមេរិក ៕