ដោយ៖ឡុង សំបូរ
ខេត្តរតនគិរី៖ ការអំពាវនាវរបស់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជាខេត្តរតនគិរី លោក ញ៉ែម សំអឿន ធ្វើឡើងស្របពេលដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅថ្ងៃទី២៧មីនា២០២៤នេះ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។ ពិធីនេះផងទៀត ក៏មានការចូលរួមពី មន្ទីរ អង្គភាពជុំវិញខេត្ត អនុសាខាកាកបាទក្រហមម្ពុជា ក្រុង-ស្រុកទាំង៩ នៃខេត្តរតនគិរី ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែង កោតសរសើរចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ សាខាកាកបាទក្រហមកម្ពុជាខត្ត ដែលបានរួមសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយ សង្គ្រោះប្រជាពលរដ្ឋ ពីវិបត្តិភ័យនានាក្នុងខេត្ត ធ្វើឱ្យសប្បុរសជនជឿជាក់ ចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហម ហើយលោក សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នៅតែបន្តចូលរួមគាំទ្រដល់ចលនាកាកបាទក្រហមកម្ពុជា ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ត្រូវការមូលនិធិទ្រទ្រង់ ដោយពឹងផ្អែកលើសប្បុរសជនទាំងស្រុង នូវការចូលរួមជួយឧបត្ថម្ភ ទាំងធនធាន សំភារៈ និងថវិកា។
នាយកសាខាកាកបាទក្រហមខេត្តរតនគិរី លោក ឌឹម ណាត បានលើកឡើងថា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល តាមយុទ្ធសាស្ត្រ ២០២១-២០៣០ ក្នុងការផ្តល់សេវាកម្មលើវិស័យអាទិភាព ៤ គឺ គ្រប់គ្រង់គ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ សុខភាព ការថែទាំសុខភាពតាមសហគមន៍ និងសង្គ្រោះបឋម, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជាខេត្តរតនគិរី លោក ញ៉ែម សំអឿន និងសមាជិក សមាជិកា នៃសាខាកាកបាទក្រហមខេត្ត បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងភាពធន់សហគមន៍នឹងអាកាសធាតុ ចូលរួមដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុ បន្តផ្សព្វផ្សាយ ស្តីពីវិធានការត្រៀមបង្ការ, ឆ្លើយតប និងស្តារឡើងវិញ តាមរយៈការអប់រំផ្សព្វផ្សាយផ្ទាល់ តាមសហគមន៍គោលដៅ, ការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន និងបណ្តាញព័ត៌មានសង្គម ដើម្បីឆ្លើយតបបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ត្រូវបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះ មានការដោះស្រាយបញ្ហាប្រឈម បង្កដោយការប្រែប្រួលអាកាសធាតុ, ការដាំដើមឈើ ការជួយដល់ការអនុវត្តបច្ចេកទេសកសិកម្ម ដែលជួយដល់ជីវភាពរស់នៅបានល្អប្រសើរ មាននិរន្តរភាព និងការបង្កើតប្រព័ន្ធប្រកាសឱ្យដឹងមុនពីឧបទ្ទវហេតុធាតុអាកាស ដែលនឹងកើតមានឡើង។
លោក ញ៉ែម សំអឿន បានលើកឡើងថា ដើម្បីសម្រេចបានជោគជ័យទិសដៅការងាររបស់ខ្លួន សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ត្រូវការជាចាំបាច់មូលនិធិសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ លោកបានអំពាវនាវ ដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមជាកម្លាំងមនុស្សធម៌ជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយសទ្ធាជ្រះថ្លា ការស្ម័គ្រចិត្ត និងក្នុងស្មារតី នៃវប្បធម៌ចែករំលែកដល់សាខា ដើម្បីជួយទ្រទ្រង់ដល់ប្រតិបត្តិការមនុស្សធម៌ ឆ្លើយតប សេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត/អ្នករងគ្រោះទាំងឡាយ ដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយ និងជាជំហានៗឈានទៅសម្រេចបានការកសាងសហគមន៍ ដែលមានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដោយមិនទុកនរណាម្នាក់ចោលឡើយ៕