កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស-ស្រី ១០នាក់ ដើរលេងផឹកស៊ីដាច់យប់ យកមកអប់រំ ណែនាំឱ្យកែខ្លួនធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម

0

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានសហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះវិហារ ដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា  បានចុះល្បាតតាមទីសាធារណ:ក្នុងភូមិសាស្រ្ត នៃក្រុងព្រះវិហារ និងបានឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស-ស្រី ១០នាក់ ដើរលេងផឹកស៊ីដាច់យប់នៅទីសាធារណៈ រួមទាំងម៉ូតូ ៦គ្រឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧មីនា២០២៤។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់លើ ផ្នែកសន្តិសុខ សណ្តាប់សាធារណៈ ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧មីនា២០២៤ ក្រោមការដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលបាលខេត្ត ក្រុមវេនប្រចាំការទី៣ បានសហការជាមួយ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ លោកបានដឹកនាំអនុវត្តផ្ទាល់ ចុះល្បាតតាមទីសាធារណ: ក្នុងភូមិសាស្រ្តក្រុងព្រះវិហារ។

លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ស្របពេលកំពុងល្បាតនោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញក្រុមក្មេងទំនើង ១០នាក់ ក្នុងនោះស្រីម្នាក់ ដើរលេងផឹកស៊ីដាច់យប់ និងបានធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូ ៦គ្រឿង នាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពដើរលេងផឹកស៊ីដាច់យប់តទៅទៀត ត្រូវកែខ្លួនធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ នៅក្នុងគ្រួសារ និងសង្គមជាតិ និងបានដោះលែងឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ជាមួយនឹងការធានាយ៉ាងហ្មត់ចត់ ពីក្រុមគ្រួសារ ឪពុកម្តាយ និងអាណាព្យាបាលរួចមក។

លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ទៀតថា កាលពីសប្តាហ៍មុន នាថ្ងៃទី ២១ មីនា ២០២៤ កន្លងទៅ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក៏បានឃាត់ខ្លួនក្រុមក្មេងទំនើងដើរលេងផឹកស៊ីដាច់យប់ នៅតាមទីសាធារណៈក្នុងក្រុងព្រះវិហារ ចំនួន ២៣នាក់ ក្នុងនោះមានស្រី ៥នាក់ ម៉ូតូ ៨គ្រឿង យកមកអប់រំ ណែនាំ និងបានដោះលែងឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ជាមួយនឹងការធ្វើកិច្ចសន្យា និងមានការធានាច្បាស់លាស់ ពីអាណាព្យាបាល ផងដែរ៕ដោយ៖ឡុង សំបូរ