កំពង់ធំ÷លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំទីតាំងដើម្បីដាក់បំពាក់សូឡាបំភ្លឺផ្លូវលេខ២៦៤Dនៅមាត់ស្ទឹងស្ទោង ពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤។
ក្នុងឱកាសនេះដែរលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសប្បុរសបុរសជនជិតឆ្ងាយសូមបន្តគាំទ្រ ឧបត្ថម្ភ ជាសម្ភារ ថវិកា ជាមួយអាជ្ញាធរ និងរដ្ឋបាលស្រុកដើម្បីអភិវឌ្ឍស្រុកស្ទោង បានបំពាក់សូឡានៅផ្លូវ លេខ២៦៤D មាត់ស្ទឹងស្ទោង នាពេលនេះ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានបង្ហាញឱ្យឃើញថា ការដាក់ដាំសូឡានៅពេលនេះគឺមិនត្រឹមតែជួយបំភ្លឺផ្លូវនៅពេលរាត្រីសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពប៉ុណ្ណោះទេ គឺថែមទាំងបានជួយលើកកម្ពស់ និងលើកសម្រស់ស្រុកស្ទោងថែមទៀត ហើយក៏បង្ហាញឱ្យឃើញពីការរួបរួមសាមគ្គី សហការរវាងប្រជាពលរដ្ឋ និងសប្បុរសជនជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសជាមួយរដ្ឋបាលស្រុកក្នុងការអភិវឌ្ឍន៍ស្រុកឱ្យកាន់តែមានរីកចម្រើនជាលំដាប់។
គួរបញ្ជាក់ផងដែរថា ការបំពាក់សូឡានៅពេលនេះគឺដាក់អមសងខាងផ្លូវដែលមានចំងាយ២៥ម៉ែត្រក្នុង១ដើម ចាប់ពីស្ពានថ្មស្ទឹងស្ទោង ភូមិឈើទាលរហូតដល់ស្ពានភូមិជីយោគ ឃុំកំពង់ចិនត្បូង ដែលគ្រោងនឹងបំពាក់ឱ្យរួចមុនថ្ងៃចូលឆ្នាំខ្មែរ៕ អត្ថបទលោក ឆុន ឆេងក្រឹម