សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើពិធីក្រុងពាលី និង និមន្តព្រះសង្ឃចម្រើនព្រះបរិត និង ដើមី្បបួងសួងសុំនូវសេចក្តីសុខសប្បាយ បើកដំណើរការព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា មន្ត្រីរាជការ នៅបរិវេណមុខព្រះរាជដំណាក់ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាបនៅព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៤។
ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពីធីថ្វាយនូវគ្រឿងសក្ការៈ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ប្រកាសឧទ្ទីសបួងសួង និង ប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី ដើមី្បសុំនូវសេចក្តីសុខ ក្នុងកិច្ចដំណើរការសៀមរាបសង្រ្កាន្ត នៅលើទឹកដីប្រវត្តិខេត្តសៀមរាប ឲ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានសប្បាយរីករាយទៀតផង ។
លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ជាលើកទី៣ ដែលរដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរអប្សរា អាជ្ញាធរក្រុង ស្រុក ស្ថាប័ន ដែលពាក់ព័ន្ធ និង ដោយមានការចូលរួមផងដែរ ក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្តនេះ គឺ ផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និង បានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និង ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាស្ថាបនិក មគ្គុទេសក៍ឯក កសាងសន្តិភាពនិង នយោបាយឈ្នះឈ្នះនៅកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំផុសឆន្ទះ បន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរ ឲ្យបានគង់វង្សតទៅអនាគត ។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក៏នឹងបានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ អន្តរជាតិស្វែងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក ហើយបន្ទាប់ពីពិធីក្រុងពាលីនេះ ក្រុមការងារសៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ នឹងចាប់ផ្តើមបើកការរៀបចំ ទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួនផងដែរ ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះ ក្រោមប្រធានបទ (អភិរក្សមរតកខ្លែងឯកខ្មែរ ) ដែលជាឱកាសដល់យុវជន ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ បានមកជួបជុំគ្នា ក្នុងនាមមហាគ្រួសារខ្មែរ ដើមី្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃសម្រាកពីការងារ ដែលនឹងចូលមកដល់នៅថ្ងៃ ៥កើត ខែចេត្រ ព.ស២៥៦៧ ឆ្នាំរោង ឆស័ក ជាទេវត្តា ដែលមានព្រះនាម ព្រះនាងមហោទរាទេវី និងយាងចុះមកនៅវេលាម៉ោង២២និង២៤នាទី នារាត្រីថ្ងៃទី១៣ មេសា ២០២៤ ។ ក្នុងឱកាសព្រឹត្តិការណ៍នេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្ត ជា ច្រើនកន្លែង មានរៀបចំពិធីសាសនា ល្បែងប្រជាប្រិយ៍ សួនកុមារ ដែលរៀបចំឡើងនៅសួនព្រះរាជដំណាក់ តាមបណ្តោយដង ស្ទឹងសៀមរាបទៅដល់ស្ពានវត្តដំណាក់ ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត បានក្លាយទៅជាវេទិកា ក្នុងការចែករំលែកបទពិសោធន៍របស់មនុស្សជំនាន់មុននិងយុវជន ជំនាន់ក្រោយ ដែលជាយន្តការអភិរក្ស និង អភិវឌ្ឍវប្បធម៌ ប្រពៃណីជាតិខ្មែរផងដែរ ។ ព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសឲ្យខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីដ្ឋានវប្បធម៌ ធម្មជាតិ សំខាន់ភ្នំគូលែន បឹងទន្លេសាប ព្រមទាំងរមណីយដ្ឋានកែច្នៃ នៅតាមសហគមន៍ និង បានធ្វើការផ្សព្វផ្សាយ លើកកម្កើនពីអរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃមរតកដ៏វិសេសវិសាលរបស់ខ្លួន នៅលើឆាកអន្តរជាតិទៀតផង ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី បានផ្តល់ដល់ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវ នូវផ្លូវ៣៨ខ្សែ ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ និងការកែប្រែសោភណ្ឌដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប កាប់តែធ្វើឲ្យខេត្តសៀមរាបក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ប្រកបដោយសុវត្ថិភាព ។
ការក្រុងពាលីនាបច្ចុប្បន្ននេះ បងប្អូនពុទ្ធបរិស័ទខ្មែរយើង តែងមានជំនឿទៅលើពិធីកម្មមួយជាចេតនាកម្ម មុននឹងធ្វើពិធីអ្វីមួយ គឺតែងតែរៀបចំពិធីសែន ក្រុងពាលី ក្នុងការឧទ្ទិសចំណែកបុណ្យជូនដល់សេ្តចក្រុងពាលីតែមួយគត់ មិនគិត ដល់ការផ្សាយមេត្តាធម៌ ការចែករំលែកបុណ្យជាទូលាយ ស្របទៅតាមកុសលចេតនានៃសទ្ធាឡើយ ៕