ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បន្តរួមគ្នា ការពារសន្តិភាព ដែលជាមរតកដ៏ពិសិដ្ឋរបស់ សម្ដេចតេជោ ហ៊ុន សែន !

0

រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគម ឱ្យបន្តរួមគ្នា ការពារសន្តិភាព ដែលជាមរតកដ៏ពិសិដ្ឋរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អ បង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថល បង្កើនការផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលនានារារបស់ រាជរដ្ឋាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងគ្រាដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល» ដែលមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ឯកឧត្តម អ៊ូ វណ្ណា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោកបណ្ឌិត ទូច វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគម រាជធានី-ខេត្ត ៧០០អង្គ/នាក់ នារសៀលថ្ងៃទី៣១មីនា២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ នៃរាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈ ចំនួន៤ គឺ ការពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ ,ការពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ,ការពិនិត្យ និងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងសមាគម និងការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម និងបានផ្ដល់ឱកាសជូនតំណាងសមាគមមកពីរាជធានី-ខេត្ត ឡើងធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងប្រធានបទ «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ បានឯកភាពខ្ពស់ចំពោះការប្ដេជ្ញាចិត្ត និងទិសដៅការងារបន្តរបស់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយបានជំរុញលើកទឹកចិត្ត សមាជិក សមាជិកា សមាគម បន្តរួមគ្នា ការពារសន្តិភាព ដែលជាមរតកដ៏ពិសិដ្ឋខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អ បង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថល បង្កើនការផ្សព្វផ្សាយសកម្មភាពនិងសមិទ្ធផលនានារារបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅប្រទេស បង្កើនការផលិតវីដេអូអប់រំ បន្តសកម្មភាពសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងពង្រឹងរចនាសម្ព័ន្ធសមាគមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានកាន់ប្រសើរជាងនេះថែមទៀត។

សូមជម្រាបថា ពិធីបើកសន្និបាត ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣១មីនា២០២៤ បានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ  (IPA) ដោយមានការអញ្ជើញចូលរួមពី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោកបណ្ឌិត ទូច វណ្ណៈ ,ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគម ៧០០អង្គ/នាក់។

សន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយនៅពេលព្រឹក អង្គសន្និបាតបានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈចំនួន៤ រួមមាន៖

១.ការពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ ,២.ការពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ,៣.ការពិនិត្យ និងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងសមាគម និង៤.ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម។

ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោកបណ្ឌិត ទូច វណ្ណៈ បានថ្លែងថា ពេញមួយឆ្នាំ២០២៣ សមាគមបានកសាងកម្លាំងជាសមាជិកបានចំនួន ៥០៨៤រូប អង្គភាពសារព័ត៌មាន ៧៤អង្គភាព អង្គការ-សមាគមជាដៃគូ ២៣ស្ថាប័ន ក្រុមហ៊ុន-សហគ្រាស-គ្រឹះស្ថានសិក្សាជាដៃគូ ២៤ស្ថាប័ន និងបានចូលរួមធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២៧លើក។

លោកបណ្ឌិត ទូច វណ្ណៈ បានបន្តថា សមាគម IPA បានសហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង បើកវគ្គបណ្តុះបណ្តាលខ្លី ស្តីពីរបៀបសរសេរព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និងរបៀបរាយការណ៍ព័ត៌មាន ចំនួន២វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន ៩៥០អង្គ/នាក់ បានផ្តល់អាហារូបករណ៍ដល់សមាជិក សមាជិកា តាមរយៈគ្រឹះស្ថានសិក្សាដៃគូចំនួន ៩៥នាក់ បើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា  ដល់សមាជិក សមាជិកាចំនួន ៦វគ្គ ចូលរួមដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំ និងផ្តល់យោបល់ផ្នែកអង្គការសង្គមស៊ីវិល ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ១៣លើក។

លោកបណ្ឌិត ទូច វណ្ណៈ បានបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងសមាជិក សមាជិកា បានចេញផ្សាយព័ត៌មានអំពីសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសិវត្ថិភាព បានចំនួន ៥២ពាន់ ៦៧៥ ព័ត៌មាន ចេញផ្សាយព័ត៌មានអំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្រសួងមហាផ្ទៃ ចំនួន ២ពាន់ ៦៧៩ព័ត៌មាន  ផលិតវីដេអូ និងរឿងអប់រំខ្លី ស្តីពីចរាចរណ៍ និងគ្រឿងញៀន ចំនួន១២ឃ្លីប និងបានរៀបចំកាតសម្គាល់ខ្លួន ជូនសមាជិក សមាជិកា ជំហានទី១ ចំនួន ៥០០កាត។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឯកឧត្តម អ៊ូ វណ្ណា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល ថ្នាក់រាជធានី-ខេត្ត ថ្នាក់ខណ្ឌ ស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលក្នុងរយៈពេល១ឆ្នាំមកនេះ បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ដោយហ៊ានលះបង់សព្វបែបយ៉ាង ទំាងវេលា និងថវិកាផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទី ភារកិច្ច ដោយមិនខ្លាចនឿយហត់ ដើម្បីរៀបចំដំណើរសមាគម។

ឯកឧត្តម អ៊ូ វណ្ណា បានថ្លែង ចាត់ទុកអង្គសន្និបាតនេះ ពិតជាបានបង្ហាញពីការសាមគ្គីគ្នា សហការគ្នាវិញជាធ្លុងមួយ ដើម្បីបំពេញបេសកកម្មរបស់ សមាគមសារព័ត៌មានឯករាជ្យ ឱ្យឆ្ពោះទៅសម្រេចគោលដៅ និងទស្សនវិស័យរួមគ្នា ជាវេទិកាដ៏មានសារៈសំខាន់សំរាប់ក្រុមគ្រួសារ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ បានស្គាល់គ្នាផង  ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាផង ពិសេសបានចែករំលែក នូវទស្សនវិស័យរួមសម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាល និងពង្រឹងប្រព័ន្ធវិស័យព័ត៌មានមួយ ដែលមានក្រមសីលធម៌ មានជំនាញច្បាស់លាស់ មានវិជ្ជាជីវៈត្រឹមត្រូវ និងមានគុណតម្លៃ នៃសារព័ត៌មាន សម្រាប់មនុស្សទូទៅ និងសង្គមជាតិ។

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណង ដើម្បីចងក្រងអង្គភាពសារព័ត៌មាន និងកៀរគរអ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹងគុណភាព នៃការផ្សព្វផ្សាយនៅកម្ពុជា  ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន  និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ផ្សព្វផ្សាយ និងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្សព្វផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ក្រោមដំបូលនៃសន្តិភាពតែមួយ៕ ដោយ៖ឡុង សំបូរ