កំពង់ចាម : លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ នេះ បាន ដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមលក្ខណៈ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដេីម្បី ចូលរួមអបអរសាទរទទួលទេវីតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ក៏ដូចជា ការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ ។
លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយ មាន ការ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង ឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ថ្មី ប្រពៃណីជាតិ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បី បង្ក ភាព សប្បាយរីករាយ ជូន ដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់ សុខសន្តិភាព។
បេី យោង តាម សេចក្តី ជូន ដំណឹង របស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។
ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន្ទ ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវីតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕