អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកំពត រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព

0

កំពត៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកំពត រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងឯកឧត្ដម ពេញ ធារម្យ អភិបាលរងនៃអភិបាលខេត្តកំពត។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានាព្រឹកនេះ គឺផ្សព្វផ្សាយជូនឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលអញ្ជើញចូលរួមបានយល់ដឹងអំពីច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព។ ម្យ៉ាងទៀត មនុស្សគ្រប់រូបត្រូវទទួលទានម្ហូបអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមានសុវត្ថិភាព ដែលម្ហូបអាហារទាំងនោះគ្មានសារធាតុគីមីហាមឃាត់ គ្មានសារធាតុគីមីលើសកម្រិតអនុញ្ញាត និងគ្មានមេរោគបង្កគ្រោះដល់សុខភាព។ ពាក់ព័ន្ធនឹងការ ផលិតស្រាវិញ កន្លងមក ករណីពុលស្រាបានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្ដាខេត្ត ដែលបង្កឱ្យប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់ដល់សុខភាព និងមួយចំនួនទៀតបានរងគ្រោះដល់អាយុជីវិតទៀតផង។ ទាំងអស់នេះ គឺបណ្ដាលមកពីការខ្វះការយល់ដឹងអំពីលក្ខណៈបច្ចេកទេសនៃការផលិតស្រារបស់បងប្អូនជាម្ចាស់សិប្បកម្មមួយចំនួនតូច។

ជាមួយគ្នានេះផងដែរ ឯកឧត្ដម ពេញ ធារម្យ អភិបាលរងនៃអភិបាលខេត្តកំពត ក៏បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកំពត សូមសម្ដែងនូវការកោតសរសើរដោះស្មោះ និងសូមអរគុណចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះ។ សិក្ខាសាលាផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់ណាស់ដល់សិប្បករ អាជីវករ អ្នកផលិត និងអ្នកកែច្នៃផលិតផលគ្រប់ប្រភេទ ក្នុងការពង្រឹងសមត្ថភាព និងជំរុញការលក់ផលិតផលរបស់ខ្លួនចូលក្នុងទីផ្សារ។ ឯកឧត្ដមក៏បានណែនាំដល់សិប្បករ អាជីវករទាំងអស់ ឱ្យប្រឹងប្រែងក្រេបយកចំណេះដឹងពីអង្គសិក្ខាសាលានេះ ដើម្បីពង្រឹងនូវការផលិតក្នុងខេត្តកំពត កាន់តែមានគុណភាពឈានដល់ការប្រកួតប្រជែងជាមួយផលិតផលនាំចូល។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីតំណាងអយ្យការសាលាដំបូងខេត្ត តំណាងមន្ទីរពាក់ព័ន្ធជុំវិញ តំណាងក្រុមប្រឹក្សាស្រុក-ក្រុង-សង្កាត់ ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំ ក្នុងខេត្ត ប្រមាណ ២០០នាក់។

សូមរំលឹកដែរថា សិក្ខាសាលាផ្សព្វផ្សាយនេះ គឺអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានសហការរៀបចំជាមួយរដ្ឋបាលចំនួន ៥ មកហើយ គឺខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ ហើយព្រឹកនេះគឺជាខេត្តកំពត ជាខេត្តទី៦ ដែលរៀបចំសិក្ខាសាលានេះ។