ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ជូនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ឯក ង៉ូ គ័ងធួន អនុប្រធាននយោបាយនៃគណៈបញ្ជាការយោធាខេត្តដុងណាយ បានឡើងថ្លែងសារជូនពរ ជូនដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ពិសេសថ្នាក់ដឹកនាំនិង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះប្រតិភូនៃគណៈបញ្ជាការយោធាខេត្តដុងណាយ ដែលបានមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅក្នុងឱកាសនេះ និងបានថ្លែងអំណរគុណចំពោះគណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម ដែលកន្លងទៅបានជួយឧបត្ថម្ភក្នុងការសាងសង់អាគារធ្វើការងារចំនួន ២ខ្នង អាគារគិលានដ្ឋានចំនួន១ខ្នង អាគារសាលប្រជុំថ្មីចំនួន១ខ្នង និងសមិទ្ធផលមួយចំនួនទៀត ដែលបានចំណាយថវិកាសរុបប្រមាណជិត៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសម្រាប់បម្រើនិរន្តរភាពការងារក្នុងអង្គភាព។
នៅក្នុងពិធីជូនពរឆ្នាំថ្មីនេះ គណៈបញ្ជាការយោធាខេត្តដុងណាយ ក៏បានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត សម្រាប់ទិញសម្ភារៈបំពាក់ក្នុងសាលប្រជុំថ្មី ដែលជាអំណោយរបស់គណៈបញ្ជាការយោធាខេត្តដុងណាយ ដែលទើបសាងសង់រួច នាពេលកន្លងទៅថ្មីៗនេះផងដែរ៕ ដោយវេហាស៍