ដោយនិរន្តរ៍
កំពង់ធំ: លោកងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីជំនាញ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ និងបន្តរឹតបណ្តឹងបង្ក្រាបទីតាំងល្បែងផ្សងសំណាង បទល្មើសគ្រប់ប្រភេទ និងទីតាំងហាងបញ្ចាំដែលមិនមានច្បាប់អនុញ្ញាត ឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ប្រសាសន៍ដ៏មានអត្ថន័យនេះ លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
លើសពីនេះទៀតលោក ងួន រតនៈ បានក្រើនរំលឹកដល់លោកអភិបាលស្រុកពាក់ព័ន្ធជុំវិញបឹងទន្លេសាប សហការជាមួយមន្ត្រីជំនាញ ចុះជួបប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយឲ្យបានច្បាស់លាស់ អំពីនីតិវិធីនៃការឆ្វៀលដីក្នុងតំបន់បី ជាពិសេសនៅឆ្នាំក្រោយ ដីតំបន់បីដែលមិនមានការឆ្វៀល ហាមដាច់ខាតមិនឲ្យមានការអាស្រ័យផលទេ អាជ្ញាធរស្រុកពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការធ្វើកិច្ចការងារនេះឲ្យមានប្រសិទ្ធភាព។
លោក ងួន រតនៈ បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុងស្ទឹងសែន ត្រូវពន្លឿនការរៀបចំស្ដងពិពណ៌ទំនិញចំរុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានា អោយបានសមរម្យ មានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អនៅពេលយប់ឱ្យបានស្អាត ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យ ឲ្យបានល្អប្រសើរជាប្រចាំផងដែរ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ ឱ្យបានល្អ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងស្ទឹងសែន សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ៕