រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំការងារការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

0

ខេត្តកែប: កិច្ចប្រជុំការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធិបុណ្យចូលឆ្នាំប្រពៃណីជាតិ និងប្រកាសលទ្ធផលប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្កកែប និងមានការអញ្ជេីញចូលរួមពី ឯកឧត្ដម ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ ជាថ្នាក់ដឹកនាំកងលាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ស្មៀន និងអ្នកពាក់ព័ន្ធសរុបចំនួន ២៩៩រូប។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប មានរបាយការណ៍អំពីលទ្ធផល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទូទាំងខេត្តកែប ដោយលោកលើកឡើងថា៖ អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរួមគ្នារក្សាបាននៅសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ក្នុងពិធីបុណ្យតូច-ធំទទួលបានលទ្ធផលល្អប្រសើរគួជាទីមោទនៈ ចំពោះបទល្មើសព្រហ្មទណ្ឌក្នុងខេត្តកែបមានចំនួន៦លើក  បង្ក្រាបបាន៤ករណី និងស្រាវជ្រាវ២ករណី ទន្ទឹមនោះការអនុវត្តលើវិធានការបង្ក្រាបបទល្មេីសគ្រឿងញៀនបានចំនួន ២៦ករណី ការជួញដូរចំនួន៦ករណី បង្ក្រាបតាមដីការចំនួន១ករណី នឹងបង្ក្រាបការប្រើប្រាស់ចំនួន១៩ករណី។

ចំពោះរបាយការណ៍ស្តីពីលទ្ធផលចំពោះការអនុវត្តរបស់គណបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តប្រចាំខែមីនា ឆ្នាំ២០២៤ និងទិសដៅខែបន្ទាប់ លោក ងិន ងិនដា អភិបាលរងខេត្តក៏បានលើកឡើងដែរថា៖ កម្លាំងគណៈបញ្ជាការឯកភាពបានចេញល្បាតការពារមូលដ្ឋានបានចំនួន ១,២៣៨លើក ការធ្វើវេទិការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពចំនួន ៩៦លើក និងបានរៀបចំប៉ុស្តិ៍នគរបាលក្នុងភូមិចំនួន១៨ និង៥ឃុំ-សង្កាត់ ដើម្បីទទួលខុសត្រូវដឹកនាំលើការងាររបស់ខ្លួន និងដោះស្រាយបញ្ហាសន្តិសុខក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋទាន់ពេលវេលា។

មានមតិសំណេះសំណាលក្នុងកិច្ចប្រជុំរៀបចំការងារការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងប្រកាសលទ្ធផលចំណាត់ថ្នាក់ប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នាឱពេលនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា៖កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញនៅលទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរសម្រាប់មូលដ្ឋានរបស់ខ្លួន ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានលើកយកខ្លឹមសារសំខាន់ចំនួន ៣ ដើម្បីអោយក្រុមការងារ អនុវត្តក្នុងក្នុងពេលខាងមុខនេះ៖

១-ត្រៀមរៀបចំប្រកាសជ័យលាភី ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រជុំប្រចាំខែ
២-ត្រៀមការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
៣-អនុវត្តច្បាប់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងអនុវត្តគោនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ឯកឧត្តមបញ្ជាក់បន្ថែមថា៖យើងទាំងអស់គ្នាត្រូវអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងត្រូវមានវិធានការទប់ស្កាត់ជាមុន ក្នុងនោះមេឃុំ ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ អប់រំ ផ្សព្វផ្សាយអំពីវិធានការច្បាប់អោយបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានកាន់តែប្រសើរ ពិសេសបញ្ហាគ្រឿងញៀន ការពង្រឹងច្បាប់ចរាចរណ៍ បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗ សូមអោយមានការយកចិត្តទុកដាក់ពង្រឹង និងតាមដានត្រួតពិនិត្យគ្រប់ច្រកល្ហកទាំងអស់ រួមទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលចូលឆ្នាំទាំងលើផ្ទៃទឹក និងលើកគោកផងដែរ៕ សេង ណារិទ្ធ