កំពត: សិស្សានុសិស្ស និងនាយកសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាចបានបង្ហាញទឹកចិត្តសប្បាយរីករាយក្នុងការរៀបចំ និងចូលរួមលេងល្បែងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ។ ពួកគាត់ថា សង្ក្រាន្តឆ្នាំនេះរៀបចំបានល្អ ទ្រង់ទ្រាយធំ កម្មវិធីសប្បាយច្រើនជាងឆ្នាំមុនៗ និងមានអត្ថន័យធំធេងសម្រាប់យុវជន និងប្រជាជាតិខ្មែរ ដោយសង្ក្រាន្តឆ្នាំនេះបានគាស់កកាយមុខម្ហូប ចំណីអាហារ បង្អែម និងល្បែងប្រជាប្រិយខ្មែរជាច្រើនមុខមកបង្ហាញ។
សិស្សានុសិស្សរៀននៅសាលាវិទ្យាល័យព្រះបិតាជាតិ ស្ថិតនៅក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយ និងមានមោទនភាពដែលសាលារៀនរបស់ខ្លួនបានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីឲ្យសិស្សានុសិស្សទាំងក្នុងសាលា និងសាលារៀនផ្សេងមកលេងកម្សាន្តជុំជាមួយគ្នា។ ពួកគាត់បានបន្តថា សង្ក្រាន្តឆ្នាំរៀចបានល្អ ទាំងការតុបតែង កម្មវិធីកម្សាន្តសប្បាយ និងអត្ថន័យអប់រំសម្រាប់យុវជនជំនាន់ក្រោយ ធ្វើឲ្យយុវជនបានដឹង និងចេះធ្វើម្ហូប ចំណីអាហារ និងបង្អែមខ្មែរ និងចូលរួមលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ។
យកសាលាវិទ្យាល័យព្រះបិតាជាតិ លោក អ៊ុង សុភាព បានមានប្រសាសន៍ថា សាលារៀនលោកមានកិត្តិយសធំធេងណាស់ ដែលលោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានផ្តួចផ្តើម ឲ្យរៀចំសង្ក្រាន្តឆ្នាំថ្មី ដែលមានលក្ខណៈជាទ្រង់ទ្រាយធំ និងមានការចូលរួមពីប្រធានមន្ទីរអប់រំយុជន និងកីឡាខេត្ត និងសិស្សានុសិស្ស និងលោកគ្រូអ្នកជាច្រើន ។
តាមការបញ្ជាក់របស់ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ថាដោយមានការណែនាំពីឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលស្រុកបានត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបានលើកទឹកចិត្តដល់សាលារៀន វត្តអារាម និងរមណីយដ្ឋានទូទាំងស្រុក ឲ្យរៀបចំតុបតែងលម្អ សម្អាតអនាម័យបរិស្ថាន រៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយបង្កើតឲ្យមានកម្មវិធីសប្បាយរីករាយផ្សេងៗ តាមបែបវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ជូនដល់ពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិអំឡុងពេលចូលឆ្នាំខ្មែរ ៕