ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក  ពុទ្ធសករាជ ២៥៦៨ ជូនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ ទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ  ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម ប្រធានគណៈបញ្ជាការយោធាទីក្រុងហូជីមិញ បានឡើងថ្លែងសារជូនពរ ជូនដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ពិសេសថ្នាក់ដឹកនាំនិង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ នៃគណៈបញ្ជាការយោធាទីក្រុងហូជីមិញ ដែលបានមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក  ពុទ្ធសករាជ ២៥៦៨  ជូនដល់នាយទាហាន  នាយទាហានរង និងពលទាហាន  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាឱកាសនេះ  និងបានថ្លែងអំណរគុណចំពោះគណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដែលកន្លងទៅបានជួយឧបត្ថម្ភក្នុងការសាងសង់អាគារធ្វើការងារ អគារទីបញ្ជាការ អាគារស្នាក់នៅ  និងសាលប្រជុំ  សរុបមានចំនួន១៤ ខ្នង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងនៅតាមបណ្តាអង្គភាពវរសេនាតូចទាំង២ និងផ្នែកសឹករងទាំង៩ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណជាង៥០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក សម្រាប់ បម្រើនិរន្តរភាពការងារក្នុងអង្គភាព។

ដោយឡែកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆ ស័ក ពុទ្ឋ សករាជ ២៥៦៨នាឱកាសនេះ គណៈបញ្ជាការយោធាទីក្រុងហូជីវិញក៏បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងការរៀបចំពិធីអាហារសាមគ្គីអបអរសាទរ សង្ក្រានឆ្នាំថ្មីនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ។ ដោយ និរន្តរ៍