សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អំណោយជូន កងពលតូចអន្តរាគមន៍លេខ៧ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តព្រះវិហារ !

0

ខេត្តព្រះវិហារ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អំណោយជាច្រើនមុខ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់ នាពេលដ៏ខ្លីខាងមុខនេះ តាមរយៈ លោក ហួត ស៊ីនាដ រដ្ឋមន្ត្រីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

រដ្ឋមន្ត្រីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហួត ស៊ីនាដ បានថ្លែង ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន របស់យើងជានិច្ច។

លោក ហួត ស៊ីនាដ បានថ្លែង ដោយសម្តែងនូវការកោតសរសើរ ចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលបានយកអស់កម្លាំងកាយ ចិត្ត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិ មាតុភូមិកម្ពុជា ដ៏បវរនៃយើង។

លោករដ្ឋមន្ត្រីស្តីទី បានថ្លែងទៀតថា ការចងក្រងសម្ព័ន្ធមេត្រីភាព រវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន បានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិ ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ លោក ក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធិផលជាច្រើនទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រីស្តីទី បានថ្លែង កោតសរសើរដ៏ស្មោះចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទំាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងជិតសិ្នទ្ធ ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្ត របស់កងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងការការពារបូរណភាពទឹកដី និងការពារសន្តិសុខ សុវត្តិភាព ជូនជាតិនៃយើង។

គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នាឱកាសនោះរួមមាន៖ គ្រែដេកចំនួន ១០០គ្រែ ប្រេងឥន្ធនៈ ១ពាន់លីត្រ មី ២០០ កេស ទឹកបរិសុទ្ធ ១៥០ កេស ស្រាបៀរ ១៥០ កេស ទឹកក្រូច ១៥០ កេស ត្រីងៀត ១០០ គីឡូក្រាម ផ្អក ៥០ គីឡូក្រាម ត្រីខកំប៉ុង ៣០ កេស ស្បែកជើង ១ពាន់គូ អាវរងា ៥០០ អាវ និងថវិកាប្រមាណ ៧០លានរៀល សម្រាប់អង្គភាព ផងដែរ៕​​ ដោយ៖ឡុង សំបូរ