អភិបាលខេត្តកំពង់ចាម ចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម ៣០០គ្រួសារ នៅក្រុងកំពង់ចាម

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ចំនួន៣០០គ្រួសារ ដែលជាជំនួយរបស់អង្គការមូនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និងឯកឧត្តម សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទ ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សុខសន្តិភាពជាកត្តាមួយដ៏សំខាន់ដែលមិនអាចកាត់ថ្លៃបាន ក្នុងការកសាងជាតិមាតុភូមិយេីង បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុខដុមរម្យនីយកម្ម ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និងមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ពីសំណាក់សម្តេច តេជោ ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះសូមឱ្យពុកម៉ែបងប្អូនចូលរួមចំណែកថែរក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមទាំងអស់ ដែលតែងតែផ្តល់ការទុកចិត្តបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងសូមបន្តការគាំទ្រនេះ ក្នុងការបោះឆ្នោតអាណត្តិក្រោយៗផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម រ៉ូហ្វី អូស្មាន បានពាំនាំការសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាមួយគ្នានោះ ឯកឧត្តម បានបន្តលើកឡើង អំពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យមានសុខដុមនីយកម្មសាសនា មានសិទ្ធិគោរពប្រតិបត្តិសាសនា ក៏ដូចជាមានការចូលរួមអភិវឌ្ឍន៍ជាតិ និងសហគមន៍ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិយើងទាំងមូលផងដែរ ៕