ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចូលរៀនកម្រិតបរិញ្ញាបត្ររងក្នុងឆ្នាំសិក្សា២០២៤-២០២៥នៅខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

0

បន្ទាយមានជ័យ ៖គណៈកម្មាធិការប្រជាជនខេត្តដុងថាប់ ស្តីពីការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចូលរៀនកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា២០២៤-២០២៥ ដែលទាំងអស់នេះគឺជាការផ្តល់ជំនួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ក៏ដូចជាការលើកកម្ពស់នៅក្នុងវិស័យអប់រំនៅកម្ពុជា ជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ទទួលបានការសិក្សារៀនសូត្រប្រកបដោយចំណេះដឹង ប្រតិភូប្រទេសវៀតណាមមកពីខេត្តដុងថាប់ថ្លែងដូចច្នេះនៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ចប្រតិភូប្រទេសវៀតណាមមកពីខេត្តដុងថាប់ ដឹកនាំដោយ ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលសាធារណៈសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ឯកឧត្តម ហ្វ៊ិញ មិញត្វឹន សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សខេត្ត ជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងជាប្រធានគណៈប្រតិភូ ដើម្បីជូនពរឆ្នាំថ្មីទៅដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលដល់នាពេលដ៏ខ្លីខាងមុខនេះ។

នាឱកាសនោះ គណៈប្រតិភូ ខេត្តដុងថាប់ ក៏បានថ្លែងនូវអំណរគុណ ថ្នាក់ដឹកនាំ មន្ត្រីរជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខេត្តបន្ទាយមានជ័យ ដែលទទួលបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះ គណៈប្រតិភូ ខេត្តដុងថាប់ ប្រៀបដូចជាក្រុមគ្រួសារ និងជាបងប្អូនដែលធ្លាប់មាន មនោសញ្ចេតនា ស្រឡាញ់ រាប់អានគ្នា និងមានចំណងមិត្តភាព ជាមួយគ្នាស្ថិតនៅជាអមតៈ។ ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលសាធារណៈសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលក្នុងរយៈពេលជាង៤០ឆ្នាំនេះមានការអភិវឌ្ឍយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសក្នុងអាណត្តិទី៧ថ្មីនេះ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងរយៈពេលជាង១២ឆ្នាំមកនេះ ដែលខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា តាមរយៈការអនុវត្តនូវខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតចំណងមិត្តភាពថ្នាក់ខេត្ត ដែលបានចុះហត្ថលេខាជាផ្លូវការ ២លេីករួចមកហេីយនដែលគ្រោងនិងបន្តរយៈពេល ០៥ឆ្នាំបន្តទៀត(២០២៤-២០២៩) ខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម និយាយជារួមស្ថិតស្ថេរយូរអង្វែង និងកាន់តែវិវឌ្ឍខ្លាំងក្លា និងនៅតែបន្តរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត៕ដោយ៖ឃិន គន្ធា