ខេត្តកែប: នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំខេត្តកែប រួមមាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ រួមជាមួយ ឯកឧត្តម-លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក-លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការតាមមន្ទីរជំនាញជុំវិញខេត្ត និងបងប្អូន អាជីវករលក់ដូរ ប្រជាពលរដ្ឋ បានរៀបចំពិធីសែនព្រេន តាមទីតាំងដែលធ្លាប់គោរពបូជានានា ដូចជា នៅ អាស្រមលោកយាយម៉ៅ(មុខសាលាខេត្តកែប) និងអាស្រម លោកយាយ ផ្កាយព្រឹក(ភ្នំពោន) ព្រមទាំងរៀបចំពិធីសូត្រមន្ត លើករាសី សុំសេចក្តីសុខសេចក្តីចម្រេីន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។
ក្នុងពិធីសែនព្រេនដល់វត្ថុស័កសិទ្ធនេះ គឺមានប្រគុំភ្លេងពិណពាទ្យ ថ្វាក្រយ៉ា ដល់ម្ចាស់ទឹកដី ដែល តែងតែចាំថែរក្សាការពារខេត្តកែប និងនិមន្តព្រះសង្ឃសូត្រមន្ត លើករាសី សុំពរជ័យ សេចក្តីសុខចម្រេីន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកសម្រាកលំហែកម្សាន្តតាមបណ្តារមណីយដ្ឋាននានាក្នុងខេត្តកែបផងដែរ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍លើកឡើងក្នុងឱកាសនោះថា ជារៀងរាល់ពេលជិតដល់រដូវចូលឆ្នាំថ្មីឬកម្មវិធីសំខាន់ៗ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកែប តែងតែប្រារព្ធពិធីសែនព្រេន សូត្រមន្តលើករាសី បង្សុកូល ឧទ្ទិសកុសល ដល់បុព្វការីជនរបស់ខ្លួន នៅតាមផ្ទះ វត្តអារាម និងតាមទីសក្ការៈនានា ក្នុងគោលបំណងជម្រះបាបកម្ម មន្ទិលឆ្នាំចាស់ និងសុំសេចក្តីសុខចម្រេីនឆ្នាំថ្មី ក៏ដូចជាដាស់ ស្មារតីខិតខំប្រឹងប្រែង អនុវត្តភារកិច្ចការងារ មន្ត្រីរាជការ និងការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ អោយទទួលបានជោគជ័យល្អប្រសើរក្នុងឆ្នាំថ្មីផងដែរ ។
ឯកឧត្តម បន្ថែមថា ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាលពលរដ្ឋយើង ទេីបធ្វើអោយខេត្តកែបមានការវិវត្តន៍ប្រែប្រួល គួរអោយគាត់សំគាល់ លើហេដ្ឋារចនាសម្ព័ន្ធ និងរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ តាមតំបន់ឆ្នេរសមុទ្រ លំហសមុទ្រ កោះ និងតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ យ៉ាងល្អប្រសើរ ទាំងនេះ គឺជាសមិទ្ធផលមួយយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍ខេត្តកែប។ ឯកឧត្តម បញ្ជាក់បន្ថែមថា ដោយសក្តានុពល ដែលខេត្តមាន ដូចជា ភ្នំ និងឧទ្យានជាតិចំកណ្ដាលក្រុងកែប ដែលមានព្រៃឈើស្រស់បំព្រងគ្រប់រដូវកាល ខ្យល់អាកាសល្អបរិសុទ្ធ ឆ្នេរសមុទ្រ កោះ ដែលជារមណីយដ្ឋាន ឧស្សាហកម្មគ្មានផ្សែង បានស្រូបទាញភ្ញៀវទេសចរ មកសម្រាកលំហែកម្សាន្តកាន់តែច្រើនឡើង ជារៀងរាល់ឆ្នាំ ដូចនេះ យើងត្រូវរក្សាអោយបាននូវសក្តានុពលទាំងនេះអោយបានគង់វង្សល្អ និងខិតខំបង្កើនសោភណភាពបន្ថែមទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំស្ថាប័ន ទាំងរដ្ឋ និងឯកជន ត្រូវចូលរួមកែលំអ កាត់កោ បោសជ្រះ និងតុបតែងលំអ ភ្លើងពណ៍ រៀបចំជាសង្ក្រានឆ្នាំថ្មី អោយបានសមរម្យ ដើម្បីទទួលទេវតាឆ្នាំថ្មី និងជាកិត្តិយសសម្រាប់អង្គភាព ជាពិសេសខេត្តកែបរបស់យើង។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ជូនពរឆ្នាំថ្មី ដល់មន្ត្រីរាជការសាលាខេត្ត និងថវិកាមួយចំនួនផងដែរ៕ សេង ណារិទ្ធ