កំពង់ធំ៖ ផ្លែគុយគឺជារុក្ខជាតិម្យ៉ាងដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើង និយមចូលចិត្តបរិភោគ ទោះបីបច្ចុប្បន្ននេះមានតម្លៃ១៨.០០០រៀល ទៅ២០.០០០រៀលក្នុង១គីឡូក្រាមយ៉ាងណាក៏ដោយនៅតែមានភ្ញៀវទិញយកទៅបរិភោគផងែរ។
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោកស្រី ប្រាក់ កេន អាយុ៤១ឆ្នាំដែលជាអ្នកលក់ផ្លែគុយនៅតាមដងផ្លូវជាតិលេខ៦២ បានឱ្យដឹងថា រាល់ថ្ងៃពួកគាត់បានទទួលទិញផ្លែគុយ ពីអ្នកទៅរកប៉ះផ្លែគុយនៅក្នុងព្រៃជ្រៅៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយគាត់ទទួលទិញក្នុងតម្លៃ ១២.០០០រៀលទៅ១៦.០០០រៀលក្នុងមួយគីឡូក្រាម ហើយគាត់លក់ទៅវិញបានតម្លៃ១៨.០០០រៀល រហូតដល់២០.០០០រៀលក្នុង១គីឡូក្រាម។
លោកស្រីបានបន្តទៀតថា រដូវផ្លែគុយនេះ គាត់អាចរកចំណូលបានចន្លោះពី១០ម៉ឺនរៀល ដល់៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយមានប្រាក់ចំណូលដល់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរផងដែរ ។
លោក មាន យៀន អ្នករកបោះផ្លែគុយ បានឱ្យដឹងថា ការទៅរកប៉ះផ្លែគុយនេះ គឺវាមិនងាយស្រួលនោះទេ ជួនកាលផ្សង នឹងគ្រោះថ្នាក់ក៏មានដែរ ចំណែកការធ្វើដំណើរវិញគឺត្រូវតែក្រោកពីម៉ោង៣:០០ទាបភ្លឺ បើមិនដូច្នោះគឺមិនអាចបេះបានទេ ព្រោះមិនមានតែរូបលោកម្នាក់គត់ឡើយ គឺមានអ្នកផ្សេងជាច្រើននាក់ក៏បានទៅរកបេះដូចគ្នា។
លោកក៏បានបន្តថា ប្រភពផ្លែគុយដែលគាត់ទៅបេះ មាននៅតាមព្រៃធំៗ ដូចជាតំបន់ទេសចរណ៍អូរខ្លាដេក តំបន់ទេសចរអូរក្បាលខ្មោច តំបន់ព្រៃឡង់ និងតាមព្រៃសហគមក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ក្នុង១ឆ្នាំផ្លែឈើព្រៃប្រភេទនេះគឺអាចទទួលផលបានតែម្តងប៉ុណ្ណោះ ហើយផ្លែនោះគឺផ្លែគុយ ជាផ្លែឈើមួយប្រភេទដែលដុះលូតលាស់ដោយធម្មជាតិ ក្នុងតំបន់ព្រៃភ្នំ ជារុក្ខជាតិវល្លិធំៗ ដែលឱ្យផលផ្លែ ចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសាតែប៉ុណ្ណោះ៕ អត្ថបទលោក ធូ កែវមុន្នី