បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការសហប្រតិបត្តិការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំ នាយការិយាល័យ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្សព្វផ្សាយផែនការសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរង បានឡើងរាយការណ៍អំពីផែនការប្រើប្រាស់កម្លាំង ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនិងឱកាសបុណ្យចូលឆ្នាំថ្មី និងប្រកាសសមាសភាពកងកម្លាំងប្រចាំការ ប្រចាំបញ្ជា ព្រមទាំងកងកម្លាំង សម្រាប់អន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបទបញ្ជារបស់ ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ និងស្ថាប័ន ការិយាល័យពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការ បានល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិសុខ សុវត្តិភាព ពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ នាពេលកន្លង ទៅ  ទទួលបានលទ្ធផលល្អប្រសើរ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន មានជាអាទិ៍ទីមួយ ត្រូវក្តាប់ឲ្យជាប់នូវសភាពការណ៍ទូទៅដែលមិនទាន់មានការកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម នៅក្នុងភូមិសាស្ត្រនីមួយៗ ដើម្បីសហការមានវិធានការដោះស្រាយទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ទីពីរ ត្រូវចាត់ចែងប្រើប្រាស់កងកម្លាំងស្របតាមផែនការ និងភារកិច្ច ដែលបានដាក់ចេញ ដើម្បីសហការ ការពារសន្តិសុខសុវត្ថិភាព នៅតាមមូលដ្ឋាននីមួយៗ ពិសេសទីវត្តអារាម រមណីយដ្ឋាន និងទីកន្លែង ដែលត្រូវប្រារព្ធពិធីសង្ក្រាន្តនៅថ្នាក់ឃុំ ស្រុក ខេត្ត ឲ្យទទួលបាន សុវត្ថិភាព   ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ផែនការមួយចំនួនទៀតក្នុងការរៀបចំពិធីសូត្រមន្តរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា និងការលេងល្បែងរបាំប្រជាប្រិយប្រពៃណីជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ។ អត្ថបទ រិរន្តរ៍