កំពង់ធំ÷ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបានសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភ អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី និងចាស់ជរាគ្មានទីពឹងចំនួន១៦គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតរស់នៅជុំវិញទីតាំងបន្ទាយ ស្ថិតក្នុងនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានល្អ ប្រសើរ ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគរបស់សម្តេចធិបតី ហ៊ុន ម៉ណែត និងលោកជំទាវ ឧបត្ថម្ភ ជូនក្រុមគ្រួសារអតីតយុទ្ធជន និងចាស់ជរាគ្មានទីពឹងទាំង១៦គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន២ យួរ ព្រមទាំងថវិកាមួយចំនួនដើម្បីឧបត្ថម្ភជូនគាត់ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ សូមឲ្យលោកយាយ លោកតា អុំ ពូមីង បងប្អូន ទាំងអស់ ទទួលបាននូវសុខភាពល្អ សំណាងល្អ និងមានអាយុយឺនយូរ ដើម្បីមើលការអភិវឌ្ឍន៍ថ្មីៗ របស់ប្រទេសជាតិ យើងដែលកំពុងមានការរីកចម្រើនរុងរឿងបន្ថែមទៀតនៅពេលខាងមុខ។
អតីតយុទ្ធជនពិការ ក្រុមគ្រួសារអតីតយុទ្ធជនពលី និងចាស់ជរាគ្មានទីពឹងទាំង១៦ គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយនិរន្តរ៍