ឯកឧត្តម ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក

0

កំពង់ធំ÷ ព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៤
ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក  នៅសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់ថាក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅការពារ ថែរក្សា សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ហ៊ុយ វណ្ណៈ  ក៏បានពាំនាំការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយបក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម ប្រធានក្រុមការងារ បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដែលមានសមាជិកចុះជួយថ្នាក់ស្រុក ឃុំ ទៀតផង។ ឯកឧត្តមប្រធាន បានណែនាំក្រុមការងារឲ្យរៀបចំសមាសភាពបន្ថែម ដើម្បីចុះដល់មូលដ្ឋាន ស្រុក និងត្រូវកែសម្រួលសមាសភាពនៅស្រុក ជាអនុប្រធានក្រុមការងារទូទាំងស្រុក ស្របតាមការចង្អុរបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់បញ្ជាក់អំពីតួនាទីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានទាំងកម្រិតថ្នាក់ជាតិនិងក្រោមជាតិ របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលពិតប្រាកដ។ក្នុងនោះឯកឧត្តមប្រធានក្រុមការងារ ក៏បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឲ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវខ្ពស់ មានភាពម្ចាស់ការ ដែលចាំបាច់នោះត្រូវចុះដល់មូលដ្ឋានតាមផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម បានបន្តទៀតថា ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយដោយស្មារតី ផ្តល់នូវគំនិតកែច្នៃ ហើយក្រុមការងារក៏មិនសម្រេចរាល់កិច្ចការជំនួសអង្គភាពជំនាញនោះដែរ។ ឯកឧត្តមប្រធាន បានបន្តថា នេះជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេចចាត់តាំងក្រុមការងារតាម ស្រុក ឃុំ  ភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និងបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕ អត្ថបទលោក ឆាត វ៉ិត