កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រេីនរំលឹកដល់ថ្នាក់ដឹកនាំប្រធានអង្គភាពនានាថា ការប្រេីប្រាស់មន្ត្រី គឺត្រូវឱ្យមន្ត្រីចេះធ្វើការ ចេះសម្រេចចិត្ត ហេីយឱ្យមានសិទ្ធិសម្រេច និងត្រូវឱ្យមន្ត្រីមានធនធាន រួមទាំងមធ្យោបាយសម្រាប់ធ្វើការផងដែរ ។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បន្ទាប់ពីប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥ គឺធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និងបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំប្រធានអង្គភាព មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ កុំឱ្យមានការពាក់ព័ន្ធជាមួយគ្រឿងញឿន និងការលេងល្បែងស៊ីសងខុសច្បាប់ កុំអន្តរាគមន៍ កុំនៅពីក្រោយ និងកុំលាក់បាំង ពោលគឺត្រូវចូលរួមអនុវត្តការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលជាការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រ ក៏ដូចជាការលេីកស្ទួយជីវភាពគ្រួសារ និងធ្វើឱ្យភូមិ-ឃុំ សង្កត់មានសុវត្ថិភាពផងដែរ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុនៗ ជាពិសេសគឺ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីត អភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើង សម្រាប់ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បីឱ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការផងដែរ ៕