កំពង់ធំ÷ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីលេងល្បែង របាំប្រជាប្រិយប្រពៃណីជាតិខ្មែរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតី
ភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំការលេងល្បែង របាំប្រជាប្រិយប្រពៃណីជាតិខ្មែរ មានដូចជា ចោលឈូង លាក់កន្សែង វាយក្អម លោតបាវ ដណ្ដើមស្លឹកឈើ និងទាញព្រ័ត្រ ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រៅពីការអបអរសាទរសង្ក្រាន្តឆ្នាំថ្មី បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងកងកម្លាំងសហប្រតិបត្តិការចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយនៅតាមមូលដ្ឋាននានា និងបានត្រៀមបម្រុងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍ ក្នុងការដោះស្រាយយថាហេតុផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តផងដែរ។
នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចាត់ចែងរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង និងបានសូមគោពជូនពរឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ វេហាស៍