រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម

0

ត្បូងឃ្មុំ​:​ ឯកឧត្តម ឈុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) នាព្រឹកថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២៤​ នៅសាលាខេត្តត្បូងឃ្មុំ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្នុងឆ្នាំ២០២៣ និងដើមត្រីមាសទី១ ឆ្នាំ ២០២៤នេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយនិងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា​ ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងខឿនសន្តិសុខជាតិ តាមរយៈការចូលរួមចំណែកការពារដាច់ខាតនូវសន្ដិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ការទប់ស្កាត់ការប៉ុនប៉ងប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងប្រទេសជិតខាង ការប្រឆាំងដាច់ខាតអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យា វិទ្ធង្សនានានា ការពាររបបរាជានិយម របបប្រជាធិបតេយ្យសេរីពហុបក្ស ការធានាប្រក្រតីកម្មស្ថាប័ន ការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌតំបន់ និងអន្ដរជាតិ។

ឯកឧត្ដម​រដ្ឋលេខាធិការ​ បានបន្ត​ថា​ ការរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយផ្ដោតលើការចាត់វិធានការកាត់បន្ថយបទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ការជំរុញការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពលកម្ម អាជីវកម្មផ្លូវភេទ ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ និងការកាត់បន្ថយគ្រោះថ្នាក់សង្គម ការប្រើប្រាស់អាវុធខុសច្បាប់ និងសំណល់គ្រឿងផ្ទុះសល់ពីសង្រ្គាម និងការដោះស្រាយការស្ទះចរាចរណ៍។​ ព្រមទាំង​ការពង្រឹង និងអភិវឌ្ឍការងារនគរបាល និងសហគមន៍ តាមរយៈការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ការពង្រឹង ពង្រីកកម្លាំងបង្អែកនៅមូលដ្ឋានគាំទ្រការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និងកសាងប្រព័ន្ធទទួល និងផ្ដល់ព័ត៌មានសម្រាប់បង្កើនទំនាក់ទំនងរវាងមន្ត្រីនគរបាល និងសហគមន៍​ផងដែរ​ ៕