សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រៀបចំចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី ច្បាប់ចរាចណ៍ផ្លូវគោក

0

 កំពង់ធំ÷ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី(យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក)ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រុមប្រតិបត្តសាខា មន្រ្តីអនុសាខា មន្រ្តីសាធារណៈការនិងដឺកជញ្ជូនខេត្ត   យុវជនវិទ្យាល័យកំពង់ធំ យុវជនស ស យ ក និងកងកម្លាំងសមត្តកិច្ច ដែលមានអ្នករួមសរុបចំនួន៤០នាក់។

យុទ្ធនាការនេះរៀបចំឡើងក្នុងបរិវេណសួនច្បារដាវដែកកំពង់ស្វាយ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ  និងមានសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួនផងដែរ និងមានរង្វន់លើកទឹកចិត្តទៀងផង។

ក្នុងឱកាសនេះដែរលោកជំទាវ លំ គន្ធារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលមានវត្តមាននៅទីនេះ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងឆន្ទៈមុតមកចូលរួមយុទ្ធនាការនាព្រឹកនេះ។

លោកជំទាវអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានបន្តថា(កាកបាទក្រហមកម្ពុជា) តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបាន។  គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំលាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។ តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលចរាចរណ៍នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះបានបង្ហាញថា  ករណីគ្រោះថ្នាក់ចរាចរណ៍មានកើនឡើង១១%  បណ្តាលឱ្យមានមនុស្សស្លាប់ជិត ១.៦០០នាក់។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បាននបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី ដែលជាបុត្រីទី ៧របស់កបិលមហាព្រហ្ម សូមប្រទានពរជ័យជូនក្មួយៗនិងបងប្អូនទាំងអស់ទៅដល់ទីណាសូមមានសុវត្ថិភាព និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ៕ អត្ថបទលោក ធូ កែវមុន្នី