រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រុងពាលីបួងសួងសុំសេចក្តីសុខ សូត្រមន្ត និងទស្សនារបាំត្រុដិ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

0

ត្បូងឃ្មុំ:​ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧សណ្តាន និងទស្សនារបាំត្រុដិ អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញចេញឧបទ្រុបចង្រៃឆ្នាំចាស់ នាំមកសិរីសួស្តី សម្រាប់ឆ្នាំថ្មីនេះ​ ។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤​ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានស្តីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ , ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា មន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះសាលាខេត្តផងដែរ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីនេះ ឡើងតាមប្រពៃណីសាសនា ដោយមានការបួងសួង ព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និងទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវប្រជាពលរដ្ឋទូទៅទាំងអស់ ខេត្តត្បូងឃ្មុំនឹងរៀបចំកម្មវិធី «សង្រ្គាន្តត្បូងឃ្មុំ» រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដូចឆ្នាំមុនៗដែរ នៅបរិវេណរង្វង់មូលមុខសាលាខេត្ត សម្រាប់ជូនប្រជាពលរដ្ឋ និងទទួលភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ បានមកចូលរួមលេងកម្សាន្ត សប្បាយរីករាយឲ្យបានច្រើន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនៅខេត្តត្បូងឃ្មុំនេះផងដែរ៕