លោកងួន រតនៈ អភិបាលខេត្ត អញ្ជើញចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំសង្ក្រាន្តឆ្នាំថ្មីឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ ដោយមានការលេងល្បែងរបាំប្រជាប្រិយការរាំរបាំម៉ាឌីហ្សុនកងទ័ព និងការរៀបចំអាហារសាមគ្គីជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោកងួន រតនៈ អភិបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍ជូនឯកឧត្តមងួន រតនៈ អំពីកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការសូត្រមន្តរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ព្រមទាំងការលេងល្បែងរបាំប្រជាប្រិយអបអរសាទរឆ្នាំថ្មី ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។

លោក ងួន រតនៈ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនាយទាហាននាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងសហប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការចូលរួមអនុវត្តនគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងភារកិច្ចមួយចំនួនទៀតដែលថ្នាក់លើបានប្រគល់ជូនកន្លងមកទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

លោក ងួន រតនៈ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងបានជូនពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨នេះ សូមឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទ វេហាស៍