កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ធំបានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ បានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ដៀប ពីរីសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជាច្រើននាក់ នៅសល់តែមួយថ្ងៃប៉ុណ្ណោះ ទេវតាឆ្នាំថ្មីនឹងយាងចុះមកបន្ត
សង្ក្រាន្តថ្មី ឆ្នាំរោង ឆស័ក ព. ស ២៥៦៨ ត្រូវគ.ស ២០២៤ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញ អំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គមព្រះពុទ្ធសាសនា។
ក្នុងពិធីសូត្រមន្តសូមពរជ័យឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីបានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលើលោក និងទេវតាឆ្នាំចាស់ ផ្លាល់ចូលឆ្នាំថ្មី ដែលនឹងមកប្រោសព្រំពរជ័យសិរីមង្គល សូមឲ្យមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខ សេចក្តីចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។
អស់រយៈពេលកន្លងទៅ១ឆ្នាំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តព្យាយាម ខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ ធ្វើឲ្យការងាររដ្ឋបាលស្រុកទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនាំមកនូវលទ្ធផលជោគជ័យជាច្រើន ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពីមន្ត្រី១ ទៅមន្ត្រី១ ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។
សូមបញ្ជាក់ផងដែរថាក្រោយពី ថ្នាក់ដឹកនាំខេត្តកំពង់ធំ បួងសួងនៅអាសនៈលោកតាអី រង្វង់មូលតាក្រហម(ក) រួចមកឯកឧត្តមងួនរតនៈនិងអភិបាលរងខេត្តព្រមទាំងសហការីបានបន្តអញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដើម្បីសួរសុខទុក្ខ ដោយនាំយកសម្ភារៈចែកជូនអ្នកជំងឺកំពុងសម្រាប់ព្យាបាល១៥០នាក់ និងបន្ទាប់មកអញ្ជើញទៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ និងនាំយកសម្ភារៈសិក្សានិងថវិកាមួយចំនួន ហើយឯកឧត្តមអភិបាលខេត្ត និងក្រុមការងារក៏បានចុះមើលទីតាំងបន្ថែមសម្រាប់ត្រៀមសង្ក្រាន្តកំពង់ធំនៅវិទ្យាល័យកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប