កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហែម សុវត្ថិ ប្រធាន ក្រុមការងារចុះជួយឃុំកោះសូទិន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់អំពូល ភ្លេីងសូឡាចំនួន ១,០០០ដើម ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត សម្រាប់បំភ្លឺតាមដងផ្លូវ នៅទូទាំងឃុំកោះសូទិន ស្រុក កោះសូទិន ខេត្តកំពង់ចាម ដើម្បីលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំ កោះសូទិន បានថ្លែងថា អំពូលភ្លើងសូឡាចំនួន ១០០០ដើម គិតជាថវិកាប្រមាណ ៧ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិនទាំងមូល ដើម្បីបម្រើផលប្រយោជន៍ជាច្រើន ផ្សេងទៀតជូនប្រជាពលរដ្ឋក្នុងពេលរាត្រី ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងនេះតែម្តង។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មានផ្លូវមានភ្លើងគឺ មានសង្ឃឹម ការរស់នៅធ្វើយ៉ាងណាត្រូវមានគុណភាពនៃជីវិតកាន់តែប្រសើរឡើង គឺត្រូវគិតអំពី បញ្ហានៃការផ្តល់នូវផាសុខភាព តាមរយៈអ្វីដែលយើងអាចជួយបានគឺ ផ្លូវ ទឹក ភ្លើង មនុស្ស និងឌីជី ថល ដែលជាចំណុចមួយជាបាវចនានៃកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១នេះហើយ ដែលក្រុមការងារចុះជួយខេត្តកំពង់ចាមគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាន់ តែងតែនាំមកនូវ ការអភិវឌ្ឍរីកចម្រើន នាំមកនូវសមិទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា សន្តិភាពដែលយើងបានមកដល់បច្ចុប្បន្ន នេះ គឺរកបានមកដោយពិបាកណាស់ ព្រោះក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំមកហើយ ដែលប្រទេស របស់យើងមិនដែលបានជួប មិនដែលបាននូវសុខសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ននេះទេ មកដល់ពេលនេះគឺ ការកសាងនូវប្រវត្តិសាស្ត្រថ្មីមួយ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច តេជោ ហ៊ុន សែន ក្រោមគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺនាំមកនូវការរីកចម្រើន ដូច្នេះសូមឱ្យលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ ថែរក្សាឱ្យបាននូវគោលការណ៍គ្រឹះតម្លៃនៃសន្តិភាព នេះ ពោលគឺត្រូវរក្សាឱ្យបាននូវសមិទ្ធផលដែលបានកើតចេញពីសន្តិភាពនេះ រហូតដល់កូនចៅ យើងជំនាន់ក្រោយៗផងដែរ ៕