ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានដឹកនាំក្រុម ការងារថ្នាក់ខេត្ត និងស្រុក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទ មុន្នី ទៅផ្តល់ជូនគ្រួសារអតីតយុទ្ធជន ២០គ្រួសារ នាថ្ងៃទី១២មេសា២០២៤ ស្ថិតនៅភូមិសំឡាញ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្ដព្រះវិហារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានថ្លែង ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗរបស់សមាគមន៍ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចជាកាលតែងតែគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនអតីតយុទ្ធជន ព្រោះត្បិតបងប្អូនអតីតយុទ្ធជន ជាអ្នកមានគុណបំណាច់ ចំពោះជាតិ មាតុភូមិ ដែលបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ។
នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងក្រុមការងារ ក៏បានចែកអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែល ក្នុងមួយគ្រួសារ ៗ ទទួលបាន អង្ករ ១បេ ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខកំប៉ុង ១យួរ និងថវិកា២ម៉ឺនរៀល និងក៏បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ គឺ លោក គឹម គឿន អាយុ ៧១ឆ្នាំ មុខសញ្ញាពិការ រស់នៅក្នុងភូមិ សំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្ដព្រះវិហារ៕ដោយ៖ឡុង សំបូរ