បន្ទាយមានជ័យ៖ បុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេលបួនថ្ងៃត្រូវបានបញ្ចប់ ពលករខ្មែរបានសម្រុកទៅធ្វើការនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតពី ៣ទៅ៤ពាន់នាក់ ក្នុងមួយថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៩មេសា ឆ្នាំ ២០២៤នេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីនគរ បាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យកម្លាំងបន្តអនុវត្តតាមផែនការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជា ការយកចិត្តទុកដាក់របស់អគ្គអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃលើការសម្របសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាពលករខ្មែរឲ្យបានឆាប់រហ័ស និងមិនមានការយកលុយដូចកាលពួកគាត់ចូលមកក្នុងប្រទសនារដូវចូលឆ្នាំដែរ។ បន្ថែមពីលើការសម្រួលឲ្យពួកគាត់បានចេញដោយងាយស្រួលនឹងឆាប់រហ័សសមត្ថកិច្ច បានចែកជូននូវនំបុ័ងទឹកសុទ្ធជូនដល់ពួកគាត់ថែមទៀតផង។ លោកបានឲ្យដឹងទៀតថា ពលករខ្មែរដែលកំពុងសម្រុកចេញទៅធ្វើការនៅប្រទេសថៃវិញក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរ គឺទើបតែរយៈពេលពីរ-បីថ្ងៃទេគឺចាប់ពីថ្ងៃទី ១៧- ១៩ ថ្ងៃនេះ ដែលក្នុងមួយថ្ងៃពួកគាត់នាំគ្នាចេញទៅវិញចន្លោះពី ៣ពាន់នាក់ ទៅ៤ពាន់នាក់។ សូមបញ្ជក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការសម្របសម្រួលជាមួយរដ្ឋាភិបាលថៃ បានឯកភាពគ្នាលើកលែងតម្លៃសេវាអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ-ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤។ ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជា ដែលមានលិខិតឆ្លងដែន/លិខិតធ្វើ ដំណើររបស់ពលករកម្ពុជា ទៅធ្វើការនៅបរទេស និងមានទិដ្ឋការការងារ ដែលមានសុពលភាពក្រោយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូន មានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រា ប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឲ្យស្នាក់នៅ ក្នុងប្រទេសថៃ មានសុពល ភាពក្រោយពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕ ដោយ៖ឃិន គន្ធា